សម្តេចតេជោ ហ៊ុន សែន រឿងពិតរបស់កម្ពុជាកាលពីសម័យមុន គឺប្រជាជនតិច ទឹកជ្រៅ ត្រីច្រើន តែស្ថានភាពបច្ចុប្បន្នមិនដូចគ្នាឡើយ

0
387

បន្ទាយមានជ័យ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានមានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតីអបអរសាទរទិវាមច្ឆជាតិ (០១ កក្កដា) ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នេះថារឿងពិតរបស់កម្ពុជាកាលពីសម័យមុន គឺប្រជាជនតិច ទឹកជ្រៅ ត្រីច្រើន តែស្ថានភាពបច្ចុប្បន្ន ប្រជាពលរដ្ឋកាន់តែកើនឡើង ហើយការកើនឡើងនៃចំនួនប្រជាពលរដ្ឋនេះ មិនអាចទៅបន្ទោសអ្នកណាទេ គឺជាកត្តាធម្មជាតិ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ប្រទេសយើងបន្ទាប់ពីមានសន្តិភាពយើងមានលទ្ធភាព ដើម្បីធ្វើការងារជាច្រើន ហើយក៏ត្រូវយល់ដែរថា ប្រទេសរបស់យើងស្ថានភាពវាមិនដូចពេលមុនទេ ហើយប្រសិនបើយើងមិនមែនជាមនុស្សតិរច្ឆានទេ ជាមនុស្សពិតប្រាកដ ដែលមិនរស់ដោយអំពើឈ្នានីសនោះទេ នឹងទទួលស្គាល់ការពិត។

សម្តេចបន្តថា “យើងត្រូវគិតថា កាលពីសម័យមុន ប្រជាជនតិច ទឹកជ្រៅ ត្រីច្រើន  ដែលនេះ គឺជារឿងពិតនៅក្នុងប្រទេសរបស់យើង ដែលពេលនោះ ប្រជាពលរដ្ឋខ្មែរយើងមានប្រមាណ១លាននាក់ប៉ុណ្ណោះ”។បើតាមសម្ដេចតេជោ ហ៊ុន សែន ក្រោយថ្ងៃរំដោះកម្ពុជាមានប្រជាជនប្រមាណ៥លាននាក់ ហើយសព្វថ្ងៃនេះ បានកើនឡើងរហូត១៧លាននាក់។ សម្ដេចតេជោថា ក្នុងមួយឆ្នាំៗ នៅពេលទឹកឡើង ដីល្បាប់បានហូរចាក់ទៅកាន់តំបន់ទាប ឬតំបន់ដែលមានទឹក ក្នុងនោះមាន ស្ទឹង បឹងបួរ និងទន្លេ ជាដើម បន្ថែមទៅដោយស្លឹកឈើជ្រុះផងនោះ ធ្វើឲ្យស្ទឹង បឹងបួរ របស់យើង រាប់ទាំងបឹងទន្លេសាបផង បន្តគោករាក់បន្តិចម្ដងៗ ដូច្នេះទឹករបស់យើងកាន់តែរាក់ ហើយចំនួនត្រី ក៏កាន់តែតិច ខណៈពេលដែលប្រជាពលរដ្ឋកាន់តែកើនឡើង ហើយការកើនឡើងនៃចំនួនប្រជាពលរដ្ឋនេះ មិនអាចទៅបន្ទោសអ្នកណាទេ គឺជាកត្តាធម្មជាតិ។

នៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ០១កក្កដា ២០២២ផងដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាបទាំងអស់កុំបន្តកាប់ទន្ទ្រានដីព្រៃលិចនៅបឹងទន្លេសាបតទៅទៀត។ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់មន្រ្តី និងប្រជាពលរដ្ឋឲ្យបន្តដាំព្រៃឈើលិចទឹកឡើងវិញ។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យអភិបាលខេត្តនៅជុំវិញបឹងទន្លេសាបបញ្ជាក់ឲ្យច្បាស់ពីការកាត់ដីជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការបន្តកាត់ដីចេញពីតំបន់៣នៃបឹងទន្លេសាប ត្រូវបញ្ជាក់ឲ្យច្បាស់ថាមានចំនួនប៉ុន្មាន ហើយកាត់ចេញតំបន់១ទៅតំបន់២ចំនួនប៉ុន្មាន៕

Facebook Comments
Loading...