ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់ខ្លួន សេង ធារី បន្ទាប់ពីតុលាការបានចេញសាលក្រមផ្តន្ទាទោសរយៈពេល៦ឆ្នាំ ពីបទរួមគំនិតក្បត់ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជាមួយមេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី រួមទាំងបក្ខពួក។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញ តែម្តង ខណះ កញ្ញា សេង ធារី ក្នុងសំលៀកបំពាក់ អ្នកនាង សេរីភាព ដៃម្ខាងកាន់សៀវភៅរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដៃម្ខាងទៀត កាន់គប់ភ្លើងនិមិត្ត។
សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមលើសំណុំរឿងរួមគំនិតក្បត់ ដោយផ្តន្ទាទោស សម រង្ស៊ី , អេង ឆៃអ៊ាង, ហូរ វ៉ាន់, តុ វ៉ាន់ច័ន្ទ, អ៊ីហ្សា ឧស្មាន់, គង់ សុភា , ម៉ោញ សារ៉ាត់, អ៊ូ ច័ន្ទឫទ្ធិ, ឡុង រី , ម៉ែន សុថាវរិន្ទ្រ, អ៊ុ សំអាន ដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរួមគំនិតក្បត់ និងបង្គាប់ឱ្យចាប់ខ្លួនភ្លាម។ ចំណែកឈ្មោះ ហេង ចាន់រិទ្ធិ , លោក ទុំ វ៉ាន់ថន , កាក់ កុម្ភារ (នៅក្នុងពន្ធនាគារ) ផ្តន្ទាទោសរយៈពេល៦ឆ្នាំ ដោយបន្តឃុំខ្លួនដាក់ពន្ធនាគារជាបន្តទៀត។ រីឯឈ្មោះ សេង ច័ន្ទធារី (សេង ធារី) , ហេង ដារ៉ូ , ឃិត ជំរឿន , តោ និមល និងបក្ខពួកមួយចំនួនទៀតផ្តន្ទាទោស៦ឆ្នាំ និងបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនភ្លាម។ មនុស្សមួយចំនួនទៀតផ្តន្ទាទោស៥ឆ្នាំ ប៉ុន្តែអនុវត្តទោសព្យួរ។នៅក្នុងសំណុំរឿងរួមគំនិតក្បត់ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ គឺមានមនុស្សសរុបចំនួន១៣៩នាក់ ដែលមានការជាប់ព័ន្ធ ដោយក្នុងនោះមានមួយចំនួនត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ មួយចំនួននៅក្រៅឃុំ និងមួយចំនួនរត់គេចខ្លួនទៅក្រៅប្រទេស។
ដោយឡែក យោងតាមសារចុងក្រោយមុនពេលចាប់ខ្លួន កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកកាំង ថ្លែងប្រាប់អ្នកកាសែត នៅពីមុខ សាលាដំបូងរាជធានីភ្នំពេញ នាវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ថា៖ «ខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីទទួលសាលក្រមផ្តន្ទាទោស ពីព្រោះក្នុងរបបនេះនឹងមិនអនុញ្ញាតឱ្យខ្ញុំមានសេរីភាពទេ។ វាជាសាលាក្រមដ៏អយុត្តិធម៌ ពីព្រោះខ្ញុំជាជនស្លូតត្រង់ អ្នកផ្សេងទៀតដែលត្រូវបានចោទប្រកាន់ក៏ជាជនស្លូតត្រង់ ប៉ុន្តែយើងរស់នៅក្នុងរបបផ្តាច់ការ។» ជិតពីរម៉ោងក្រោយការរង់ចាំលទ្ធផលសាលក្រមកាត់ទោស នៅខាងក្រៅរបងតុលាការភ្នំពេញ កញ្ញា សេង ធារី ក្នុងសំលៀកបំពាក់ អ្នកនាង សេរីភាព ដៃម្ខាងកាន់សៀវភៅរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដៃម្ខាងទៀត កាន់គប់ភ្លើងនិមិត្ត ត្រូវបាន ប៉ូលីសប្រុសស្រីមួយក្រុម ចាប់ក្រៀកសងខាងហើយ បញ្ជូនខ្លួនទៅ ពន្ធនាគារភ្លាមៗ ពោលគឺក្រោយពី តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញ ដីកាចាប់ខ្លួនភ្លាមៗ រួមទាំងប្រកាសសាលក្រមផ្ដន្ទាទោស កញ្ញា សេង ធារី ដាក់ពន្ធនាគារ ៦ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់»។ លោកមេធាវី ជូង ជូងី អះអាងថា លោកនឹងទៅជួបកូនក្តី គឺ កញ្ញា សេង ធារី នៅ ពន្ធនាគារ ដើម្បីប្រើសិទ្ធិប្តឹងទៅ សាលាឧទ្ធរណ៍។
គួរបញ្ជាក់ថា សម រង្ស៊ី និងបក្ខពួកជាង១០០នាក់ ត្រូវបានចោទប្រកាន់ពីបទ “រួមគំនិតក្បត់ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ប្រព្រឹត្តនៅប្រទេសកម្ពុជានិងទីកន្លែងផ្សេងៗទៀតកាលពីថ្ងៃទី២០-២១-២២-២៥-២៦ និងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩៕