សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើកោះតៃវ៉ាន់ឲ្យបញ្ជាទិញអាវុធរបស់ខ្លួនបន្ថែមទៀត ដែលអាចវាយបកការលុកលុយរបស់ចិនបាន

0
5809

បរទេស ៖ បើតាមកាសែត New York Times ចុះផ្សាយថា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន ជាហេតុផល ដើម្បីជំរុញការលក់អាវុធបន្ថែមទៀតទៅឲ្យទីក្រុងតៃប៉ិ ដោយសហរដ្ឋអាមេរិកព្រួយបារម្ភថា សម្ភារយោធាមួយចំនួនដែលកោះនេះចង់បាន គឺមិនស័ក្តិសមសម្រាប់សង្គ្រាមជាមួយចិននោះទេ។

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើកោះតៃវ៉ាន់ឲ្យបញ្ជាទិញអាវុធដែលផលិតដោយអាមេរិកបន្ថែមទៀត។ កាលពីថ្ងៃសៅរ៍ទី៧ខែឧសភា កាសែត New York Times បានអះអាងថា “មន្ត្រីអាមេរិក និងតៃវ៉ាន់ទាំងពីអតីត និងបច្ចុប្បន្ន និយាយថា អាវុធថ្មីគឺចាំបាច់ជាទីបំផុត ដើម្បីធានាថា កោះតៃវ៉ាន់អាចវាយបក ការលុកលុយរបស់ចិន តាមសមុទ្រ”។

តាមរបាយការណ៍, ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen កំពុងព្យាយាមតម្រង់ទិសកងកម្លាំងយោធារបស់កោះនេះឡើងវិញ ហើយសម្លឹងទៅសហរដ្ឋអាមេរិក ដើម្បីទិញអាវុធខ្លាំងៗមួយចំនួនធំ ដែលពិបាកកំណត់គោលដៅ និងតបត។សំណើមួយចំនួនរបស់ក្រុងតៃប៉ិ ដូចជាសំណើសម្រាប់ឧទ្ធម្ភាគចក្រ MH-60R Seahawk របស់ក្រុមហ៊ុន Lockheed Martin ត្រូវបានច្រានចោលដោយសហរដ្ឋអាមេរិក ព្រោះថា​ វាមិនគ្រប់គ្រាន់សម្រាប់សង្គ្រាមប្រឆាំងនឹងយោធាចិននោះទេ។

បុគ្គលិករដ្ឋាភិបាលអាមេរិកម្នាក់ បានពណ៌នាអំពីសកម្មភាពយោធារុស្ស៊ីដែលកំពុងបន្ត ថាជា សញ្ញាដាស់មន្ទីរបញ្ចកោណ ដើម្បីបញ្ជាក់ឲ្យប្រាកដថា កោះតៃវ៉ាន់ត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន។ក្រុមអ្នកជំនាញ​ដែល​គាំទ្រ​អង្គការ​ណាតូជឿថា ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ​អាច​ជំរុញ​ឲ្យរដ្ឋាភិបាលទីក្រុង​ប៉េកាំង ​បង្រួបបង្រួម​ចិន​ឡើងវិញ​ដោយ​គ្រាប់កាំភ្លើង។

កាលពីថ្ងៃអង្គារសប្តាហ៍មុន ព្រឹទ្ធសមាជិកអាមេរិក Marco Rubio បានណែនាំសេចក្តីព្រាងច្បាប់មួយ ដែលមានបំណងដឹកជញ្ជូនអាវុធឆាប់រហ័សទៅកាន់កោះតៃវ៉ាន់ ដោយអះអាងថា ការលុកលុយរបស់ចិនលើកោះតៃវ៉ាន់ អាចកើតឡើងនៅក្នុងទសវត្សរ៍នេះ៕

Facebook Comments
Loading...