ភ្នំពេញ ៖ ក្នុងការដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាល និងយកថវិការជូនបងប្អូនខ្មែរឥស្លាម ក្នុងពិធីស្រាយបួសនាពេលឆាប់ៗខាងមុខនេះ នៅវិហារឥស្លាម ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ លោក ជា ខេមា អភិបាលខណ្ឌស្តីទីខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ជារៀងរហូតមកតែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ឋិសេរីភាពរស់នៅរបស់បងប្អូនខ្មែរអ៊ីស្លាមគ្រប់ទិសទី នៅទូទាំងប្រទេស រួមទាំងសិទ្ឋិសេរីភាពជំនឿសាសនា និងនយោបាយជាដើម មិនប្រកាន់ពណ៍សម្បុ ពូជសាសន៍អ្វីឡើយ។
ក្នុងពិធីសំណេះសំណាលលោកអភិបាលខណ្ឌស្តីទីបានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខបងប្អូនខ្មែរ-ឥស្លាម ពីសំណាក់លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីស្រាយបួសតាមសាសនាឥស្លាមផងដែរ។ ហើយយើងរស់នៅទាំងអស់គ្នាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ និងជំនឿសាសនា រស់នៅដោយស្មើរភាព មានសិទ្ធិសេរីភាព មិនថាបងប្អូនប្រជាពលរដ្ឋខ្មែរ ឬបងប្អូនខ្មែរឥស្លាមឡើយ។
លោកបន្តថា ជារៀងរាល់ឆ្នាំកន្លងមកអត់តែក្នុងដំណាក់កាលកូវិដប៉ុណ្ណោះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតែចូលក្នុងពិធីពិសារអាហារស្រាយបួស ជាមួយបងប្អូនខ្មែរឥស្លាម គឺបានបង្ហាញអំពីការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅបំផុតរបស់ប្រមុខដឹកនាំប្រទេសដែលកាន់សាសនាព្រះពុទ្ធ ជាមួយនឹងប្រជាពលរដ្ឋដែលកាន់សាសនាឥស្លាម ឬក៏មានជំនឿលើសាសនាដទៃៗទៀតអោយបានរស់នៅសុខដុមរម្យនាជាមួយគ្នាក្រោមដំបូលសន្តិភាព។
ជាចុងក្រោយលោក ជា ខេមា ក៏បានថ្លែងអំណរគុណ និងជូនពរដល់បងប្អូនសាសនិកខ្មែរអ៊ីស្លាមទូទាំងប្រទេស សូមជួបប្រទះតែសេចក្តីមេត្តាករុណា សេចក្តីសុខសន្តិភាព សេចក្តីចម្រុងចម្រើន និងសុខដមរម្យនា អំពីព្រះអាឡោះជានិច្ចនិរន្តន៌រហូតតរៀងទៅ។ ហើយបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ត្រូវនាំគ្នាទៅបោះឆ្នោតឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ខាងមុខដើម្បីជ្រើសរើសថ្នាក់ដឹកនាំសង្កាត់ដែលយើងពេញចិត្តឲ្យបានគ្រប់ៗគ្នា។
ក្នុងនោះផងដែរ លោកហា កឹម ហៅលី ឡៃ ដំណាងជនជាតិខ្មែរអ៊ីស្លាមបានប្រាប់ដល់ប្រជាពលរដ្ឋខ្មែរអ៊ីស្លាមទាំងអស់ដែលមកចូលរួមក្នុងខណៈនោះ អោយដឹងថា បើយើងជ្រកក្រោមដើមឈើណា ត្រូវយកអាសារដើមឈើនោះ ហើយមិនត្រូវភ្លេចគុណអ្នកដែលបានជួយយើងនោះទេ តែបើអ្នកណាភ្លេចគុណ អ្នកដែលជួយយើងនោះ គឺវានិងមានបាបកម្មជាក់ជាមិនខានឡើយ។
គរបញ្ជាក់ថា ថវិការដែលយកទៅចែកជូនសម្រាប់ពិធីស្រាយបួសនាពេលនោះមាន ក្នុងវិហារឥស្លាមទទួលបានថវិការចំនួន១០០០ដុល្លា សម្រាប់យុវជនខ្មែរឥស្លាមទិញខោ អាវកីឡា ចំនួន២០០ដុល្លាផងដែរ៕