ប្រជាពលរដ្ឋអង់គ្លេសកាន់តែតិច បច្ចុប្បន្នគាំទ្រទណ្ឌកម្មលោកខាងលិចមកលើរុស្ស៊ី ស្របពេលដែលតម្លៃថាមពល បន្តហក់ឡើងខ្ពស់

0
8192

បរទេស ៖ បើតាមការចុះផ្សាយដោយសារព័ត៌មាន Daily Telegraph កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថាយោងតាមលទ្ធផលការស្ទង់មតិ ប្រជាពលរដ្ឋអង់គ្លេសកាន់តែតិច បច្ចុប្បន្នគាំទ្រទណ្ឌកម្មលោកខាងលិចមកលើរុស្ស៊ី ស្របពេលដែលតម្លៃថាមពល បន្តហក់ឡើងខ្ពស់នៅក្នុងប្រទេសពួកគេ ខណៈទណ្ឌកម្មចេះតែកើនឡើង។

លទ្ធផលការស្ទង់មតិចុងក្រោយ បង្ហាញថា សមាមាត្រពលរដ្ឋដែលទទួលយកតម្លៃប្រេងឡើងខ្ពស់ជាងមុន ស្របពលមានទណ្ឌកម្មធ្ងន់ៗរបស់លោកខាងលិចមកលើរុស្ស៊ី បានធ្លាក់ចុះពី ៥០ភាគរយកាលពីខែមីនា មកនៅ ៣៦ភាគរយនាពេលបច្ចុប្បន្ន ។

ការស្ទង់មតិ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែមេសាកន្លងទៅ ពេលដែលមន្ទីរស្ថិតិជាតិអង់គ្លេស រាយការណ៍ពីការហក់ឡើងខ្ពស់បំផុតតម្លៃថាមពលនៅអង់គ្លេស ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។

ស្ថិតិផ្លូវការបង្ហាញថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់អង់គ្លេស បានហក់ឡើងចំនួន ៧ភាគរយក្នុងរយៈពេល ១២ខែ គិតត្រឹមខែមីនា ដែលជាអត្រាខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ១៩៩២ និងហក់ឡើងខ្ពស់ពីចំនួន ៦,២ភាគរយ កាលពីខែកុម្ភៈ ។

សូមបញ្ជាក់ថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយទណ្ឌកម្មធ្ងន់ធ្ងរ បានធ្វើឲ្យអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក ដែលបានរងសំពាធរួចទៅហើយដោយសារ ការរីករាលដាលឆ្លងសកលជំងឺ COVID-19 ។

ការហក់ឡើងខ្ពស់តម្លៃថាមពល និងចំណីអាហារនេះដែរ បានធ្វើវិបត្តិការរស់នៅកាន់តែអាក្រក់ទៅ ទាំងនៅអឺរ៉ុប និងកន្លែងផ្សេងទៀតនៅលើពិភពលោក៕

Facebook Comments
Loading...