បរទេស ៖ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដោយការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែនបានធ្វើឲ្យកាតព្វកិច្ចបំណុលរបស់ក្រុមហ៊ុនរុស្ស៊ីដែលមានទំនាក់ទំនងជាមួយមហាសេដ្ឋីរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម បានធ្វើឱ្យវិនិយោគិនព្រួយបារម្ភ ខណៈដែលការទូទាត់ការប្រាក់ (គូប៉ុង) ទៅឱ្យអ្នកកាន់កាប់មូលបត្របរទេសបានជួបឧបសគ្គ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពមួយដែលស្និទ្ធនឹងក្រុមហ៊ុនផលិតដែករុស្ស៊ី Severstal ថា ក្រុមហ៊ុន Severstal ដែលមានមហាសេដ្ឋីរុស្ស៊ីលោក Alexey Mordashov គឺជាម្ចាស់ភាគហ៊ុនធំ និងត្រូវបានសហភាពអឺរ៉ុបដាក់ទណ្ឌកម្មកាលពីថ្ងៃទី ២៨ខែកុម្ភៈនោះ កំពុងមានបញ្ហាក្នុងការសងបំណុលជូនម្ចាស់បំណុលរបស់ខ្លួន។
ក្រុមហ៊ុន Evraz ដែលជាក្រុមហ៊ុនផលិតដែករបស់រុស្ស៊ីមួយទៀតដែលមានមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ជាម្ចាស់ភាគហ៊ុនធំជាងគេ និងត្រូវបានរងទណ្ឌកម្មនោះ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការទូទាត់ការប្រាក់ប័ណ្ណបំណុលដែលដល់ពេលត្រូវទូទាត់នៅថ្ងៃទី២១ ខែមីនា ត្រូវបានទូទាត់ជាមួយភ្នាក់ងារបង់ប្រាក់ បន្ទាប់ពីក្រុមហ៊ុននេះត្រូវបានប្លុកបណ្តោះអាសន្នដោយធនាគារដៃគូរបស់ប្រទេសលោកខាងលិច។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនផលិតជី EuroChem របស់រុស្ស៊ីក៏មានបញ្ហាក្នុងការទូទាត់ការប្រាក់សម្រាប់ប័ណ្ណបំណុលដែលដល់ពេលត្រូវបង់នៅថ្ងៃទី១៤ ខែមីនាផងដែរ បន្ទាប់ពីត្រូវបានប្លុកដោយភ្នាក់ងារបង់ប្រាក់។ ក្រុមហ៊ុន EuroChem បានប្រកាសកាលពីថ្ងៃទី១៦ ខែមីនាថា លោក Vladimir Rashevskiy បានលាលែងពីតំណែងជានាយកប្រតិបត្តិនិងពីក្រុមប្រឹក្សាភិបាលដែលមានប្រសិទ្ធភាពនៅថ្ងៃទី១៥ ខែមីនា បន្ទាប់ពីលោកត្រូវបានសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម។
ឧបសគ្គនានាដែលក្រុមហ៊ុនទាំងនេះកំពុងប្រឈមបង្ហាញពីឥទ្ធពលធំធេងនៃការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច បន្ទាប់ពីរុស្សីឈ្លានពានប្រទេសអ៊ុយក្រែន ខណៈដែលធនាគារនានាមានការប្រុងប្រយ័ត្នដោយខ្លាចបំពានច្បាប់ទណ្ឌកម្មនេះ។
រុស្ស៊ី ដែលបានហៅការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» ក៏កំពុងជួបប្រទះបញ្ហាទូទាត់រដ្ឋរបស់ខ្លួនសម្រាប់វិនិយោគិនអន្តរជាតិផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕