ពិតជាមិននឹកស្មានដល់មែន ស្ត្រីជាប្រពន្ធប្រាប់ប្តីថា ទៅធ្វើការថែមម៉ោងនៅរោងចក្រ បែរជាឃើញទៅដេកនៅផ្ទះសំណាក់ទៅវិញ

0
8816

ភ្នំពេញ ៖ ពិតជាមិននឹកស្មានដល់មែន ស្ត្រីជាប្រពន្ធប្រាប់ប្តីថា គាត់ទៅធ្វើការថែមម៉ោងនៅរោងចក្រ ព្រោះគេប្រញាប់ ខោអាវនាំចេញ តែនៅទីបំផុតបុរសជាប្តី បានឃើញ​ម៉ូតូ ប្រពន្ធចតនៅផ្ទះសំណាក់មួយ តាមដានដឹងថាស្ត្រីជាប្រពន្ធ នាំប្រុសចូលផ្ទះសំណាក់ទៅវិញ រត់ទៅប្តឹងសមត្ថកិច្ចឱ្យនាំប្រពន្ធមកប៉ុស្តិ៍នគរបាលភ្លាមៗបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅផ្ទះសំណាក់សម្បត្តិមាស ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសជាប្តី(សុំលាក់ឈ្មោះ) មានអាយុ៥១ឆ្នាំ បានរៀបរាប់ថា គាត់នឹងប្រពន្ធបានរៀបការជិត២០ឆ្នាំមកហើយនិងមានកូនប្រុស២នាក់ធំៗអស់ហើយ ដោយគាត់ប្រកបរបររត់ម៉ូតូកង់បី ចំណែកប្រពន្ធធ្វើការរោងចក្រ។ បុរសជាប្តីបានចោទថា កន្លងមកប្តីប្រពន្ធគាត់មានភាពរកាំរកូសរស់នៅមិនចុះសម្រុងគ្នា ហើយប្រពន្ធទាមទារលែងលះតែគាត់មិនព្រមលែង ទើបតែថ្មីៗកន្លងមកនេះប្រពន្ធរបស់គាត់តែងតែ មានទំនាក់ទំនងតាមឆាតជាមួយប្រុសក្មេង និយាយសុទ្ធតែបងអូន ធ្វើឲ្យរូបគាត់ជាប្តីណែនាំប្រពន្ធជាច្រើនលើកច្រើនសាមកហើយ។ បុរសជាប្តីបានបន្តថា កាលពីថ្ងៃទី១៣ ខែមីនានេះ ប្រពន្ធបានប្រាប់ថា ទៅធ្វើការរោងចក្រថែមម៉ោង រួចក៏ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅចេញទៅបាត់។ ស្រាប់តែគាត់បានទទួលដំណឹងពីអ្នកធ្វើការរោងចក្រជាមួយប្រពន្ធរបស់គាត់ថា រោងចក្រមិនមានធ្វើការថែមម៉ោងទេ ទើបគាត់មានការសង្ស័យក៏បានបើកម៉ូតូកង់បីដើររកស្រាប់ តែឃើញម៉ូតូប្រពន្ធព្រមទាំងអាវធំដាក់លើម៉ូតូនៅមុខផ្ទះសំណាក់។ ពេលនោះក្នុងចិត្តរបស់គាត់ក្តុកក្តួលយ៉ាងខ្លាំង បន្ទាប់មកបានទុកម៉ូតូកង់បីនៅផ្ទះសំណាក់ រួចទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដែលនៅក្បែរនោះតែម្តង។ លុះគាត់ត្រឡប់មកពីប៉ុស្តិ៍នគរបាលមកដល់ផ្ទះសំណាក់វិញក៏ឃើញប្រពន្ធរបស់គាត់ចុះមកពីលើផ្ទះសំណាក់តែម្នាក់ឯង មិនមានអ្នកផ្សេងមកជាមួយទេ តែគាត់បានព្យាយាមឃាត់ប្រពន្ធរហូតមានការប្រវាយប្រតប់គ្នានៅមុខផ្ទះសំណាក់ដោយសារឱ្យរង់ចាំសមត្ថកិច្ចមកនាំទៅសាកសួរ។

ស្ត្រីខាងលើបាននិយាយប្រាប់ សមត្ថកិច្ចថា យប់មិញគាត់មានជម្លោះជាមួយប្តី ហើយគាត់ខ្ជិលឈ្លោះទើបគាត់មកដេកនៅផ្ទះសំណាក់តែម្នាក់ឯង បើមិនជឿទៅឆែកមើលបន្ទប់គាត់សម្រាកទៅគឺនៅបន្ទប់លេខ២ លុះពេលសមត្ថកិច្ចទៅឆែកមើលបន្ទប់លេខ២ គឺមិនឃើញមានមនុស្សទេ ប៉ុន្តែតាមពិតស្ត្រីខាងលើ មិនបានសម្រាកនៅបន្ទប់លេខ២ទេ គឺសម្រាកនៅបន្ទប់លេខ១៦។ ដោយឡែកស្ដ្រីជាប្រពន្ធ(សុំលាក់ឈ្មោះ) មានអាយុ៤៧ឆ្នាំ មុខរបរកម្មកររោងចក្រនៅម្តុំផ្លូវវេងស្រេង បានអះអាងថា គាត់មិនមានប្រុសឈ្មោលអីទេ គឺគាត់មកដេកផ្ទះសំណាក់តែម្នាក់ឯងទេ ដោយសារតែខឹងឈ្លោះប្រកែកជាមួយប្តីមិនចង់នៅផ្ទះ ទើបរូបគាត់មកដេកផ្ទះ សំណាក់តែម្តង។ កន្លងមកគ្រួសារគាត់រស់នៅមិនចុះសម្រុងគ្នា ហើយគាត់បានសុំប្តីលែងលះ តែប្តីមិនព្រមលែង។ ចំណែកប្រពន្ធអះអាងថា មកដេកផ្ទះសំណាក់តែម្នាក់ឯង ហើយទៅពិនិត្យជាក់ស្ដែងក៏មិនឃើញមានប្រុសស្នេហ៍ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានណែនាំប្តី ប្រពន្ធទាំងពីរនាក់ឱ្យទៅផ្ទះវិញភ្លាមៗផងដែរ និងប្រាប់ថា បើចង់លែងលះត្រូវទៅរកអាជ្ញាធរមូលដ្ឋាន។ ទាក់ទិននឹងករណីខាងលើនេះបុរសជាប្តីមិនទាន់អស់ចិត្តទេ បានសុំឲ្យខាងផ្ទះសំណាក់ជួយឆែកកាមេរ៉ាសុវត្ថិភាពនៅថ្ងៃស្អែកបន្តទៀត។

ទោះបីជាបែបណា ដោយការគោរពសិទ្ធិបុគ្គលយើងផ្សាយតែរឿងរ៉ាវដែលបានកើតឡើងប៉ុណ្ណោះ និងមិនបានព្យាយាមធ្វើឱ្យបុគ្គលណាមួយទទួលភាពអាម៉ាស់ឡើយ៕

Facebook Comments
Loading...