ពលរដ្ឋរិះគន់អាជ្ញាធរខណ្ឌមានជ័យ ថាបើកភ្លើងខៀវដល់ទីតាំងបើកល្បែងស៊ីសង រីកដូចផ្សិត នៅក្នុងមូលរដ្ឋាន ទើបកើតអស្ថិរភាពសន្តិសុខ

0
2794

ភ្នំពេញ ៖ ទីតាំងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ កំពុងរីកដូចផ្សិតតាមបណ្តាសង្កាត់មួយចំនួនក្នុងមូលដ្ឋានខណ្ឌខាងលើនេះ ខណៈពលរដ្ឋបានរិះគន់អាជ្ញាធរ ខណ្ឌមានជ័យ និងសមត្ថកិច្ច ថាបើកភ្លើងខៀវដល់ទីតាំងបើកល្បែងស៊ី សងជាច្រើនកន្លែង ទើបអស្ថិរភាពសន្តិសុខក្នុងមូលដ្ឋានបែបនេះ…។

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវលេខ៨៥BT ភូមិចម្រើនផល ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ បានឱ្យដឹងថា បច្ចុប្បន្ន ក្នុងមូលដ្ឋានសង្កាត់បឹងទំពុនទី១ មានការបើកទីតាំងភ្នាល់ល្បែងស៊ីសងអនឡាញច្រើនណាស់ តែអាជ្ញាធរហាក់មើលមិនឃើញ និងមានការកើនឡើងនូវចោរកម្មចូលលួចទ្រព្យសម្បត្តិអ្នកភូមិស្ទើរតែរាល់យប់ ឯសកម្មភាពចោរឆក់ក៏ផ្ទុះឡើងខ្លាំងដែរនៅមួយរយៈពេលចុងក្រោយនេះ។ បើយើងក្រឡេកទៅមើលទីតាំងភ្នាល់ល្បែងអ៊ីនធើណេតវិញគឺបានរីកដូចផ្សិតក្នុងមូលដ្ឋានសង្កាត់ទាំងពីរខាងលើនេះ ពិសេសទីតាំងស្ថិតនៅបរិវេណផ្សារប៉េសេ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ គឺម្ចាស់ទីតាំងបើកការភ្នាល់ជាចំហគ្មានខ្លាចញញើតសមត្ថកិច្ចនោះទេ ខណៈលោក កែវ ពេជ្រមុន្នី អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ គ្មានវិធានការចំពោះទីតាំងទាំងនេះឡើយ។

ប្រភពពីប្រជាពលរដ្ឋរស់នៅជាប់ទីតាំងកន្លែងភ្នាល់ល្បែងស៊ីសងខាងលើ បានប្រាប់ ដឹងថា អាជ្ញាធរមូលដ្ឋានគ្មានចំណាត់ការទេ ព្រោះពួកគេបានទទួលប្រាក់បង់ប្រចាំខែពីម្ចាស់ទីតាំងទាំងនោះ ដោយបានឃុបឃិតគ្នាជាប្រព័ន្ធតាំងពីថ្នាក់ក្រោមដល់លើ(អាជ្ញាធរខណ្ឌ) ដូច្នេះហើយបានជាម្ចាស់ទីតាំងបើកបានយ៉ាងរលូនបែបនេះ។

សូមបញ្ជាក់ផងដែរថា កន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា និងព្រមានចាត់វិធាន ការក្ដៅទៅលើមន្ត្រីក្រោមឱវាទអធិការក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឱ្យមាន សកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។ដោយឡែក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង និបទល្មើសខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលកម្ពុជា បានខិតខំលុបបំបាត់ល្បែងស៊ីសង បទល្មើសគ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀនជាដើម។ល។ បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ ក្នុងមូលដ្ឋាន អាចកើតឡើងដោយសារតែល្បែងស៊ីសងនេះផងដែរ ដែលផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព…៕

Facebook Comments
Loading...