បន្ទាប់ពីចុះហត្ថលេខាទទួលស្គាល់សាធារណារដ្ឋឯករាជ២នៅតំបន់Donbassភាគខាងកើតប្រទេសអ៊ុយក្រែនលោក ពូទីន បានឲ្យកងកម្លាំងប្រដាប់អាវុធរុស្ស៊ីធានាសន្តិភាពឲ្យបានល្អ

0
4150

បរទេស ៖ លោក ពូទីន បានចុះហត្ថលេខាទៅលើសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមករវាងរុស្ស៊ី និងសាធារណរដ្ឋ LPR និងសាធារណរដ្ឋ DPR រៀងៗខ្លួនជាមួយប្រមុខនៃសាធារណរដ្ឋទាំងពីរ ដែលធ្វើឡើងនៅក្នុងវិមានក្រឹមឡាំង កាលពីថ្ងៃច័ន្ទកន្លងមកនេះ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយទៅកាន់ប្រជាជាតិលោក ពូទីន បាននិយាយថា «ខ្ញុំចាត់ទុកថា វាចាំបាច់ណាស់ដើម្បីធ្វើសេចក្តីសម្រេចដែលប្រើពេលវេលាយូរមួយនេះ ក្នុងការទទួលស្គាល់ភ្លាមៗនូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់សាធារណរដ្ឋ DPR និងសាធារណរដ្ឋ LPR»។

លោកបន្ថែមថា «ប្រទេសរុស្ស៊ីបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន» ដោយមានការប្រយុទ្ធប្រឆាំងដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ឆ្នាំ២០១៥ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងអស់បានបញ្ចប់ដោយឥតប្រយោជន៍។

យោងតាមលោក ពូទីន បានឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃ មានការបាញ់ផ្លោងរបស់អ៊ុយក្រែនចំពោះការតាំងទីលំនៅនៅតំបន់ Donbass ហើយវាត្រូវបានមើលឃើញថាគ្មានទីបញ្ចប់នោះទេ។

លោក ពូទីន បានសង្កត់ធ្ងន់ថា វិបត្តិសន្តិសុខអឺរ៉ុបបានកើតឡើងដោយសារតែការពង្រីកទៅទិសខាងកើតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (អង្គការណាតូ) ដែលនាំឱ្យបាត់បង់ទំនុកចិត្តទៅវិញទៅមកជាមួយរុស្ស៊ី។

លោក ពូទីន បានកត់សម្គាល់ថា នៅពេលដែលទីក្រុងមូស្គូបានស្នើដល់សហរដ្ឋអាមេរិក និងអង្គការណាតូសម្រាប់ការធានាសន្តិសុខ ហើយបណ្តាប្រទេសលោកខាងលិចមិនបានអើពើចំពោះការព្រួយបារម្ភជាមូលដ្ឋានរបស់រុស្ស៊ី និងគ្មានអ្វីផ្លាស់ប្តូរនៅក្នុងគោលជំហររបស់ពួកគេនោះទេ។

លោកប្រធានាធិបតីរូបនេះបាននិយាយថា ក្នុងស្ថានភាពបែបនេះ ប្រទេសរុស្ស៊ីមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការចាត់វិធានការសងសឹកដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន។

បន្ទាប់ពីការទទួលស្គាល់ឯករាជ្យភាពនៃសាធារណរដ្ឋ LPR និងសាធារណរដ្ឋ DPR លោក ពូទីន បានណែនាំដល់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីឱ្យធានាសន្តិភាពនៅក្នុងប្រទេសទាំងពីរនេះ៕ (ប្រភព People’s Daily )

Facebook Comments
Loading...