ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតថា ជាតិ និងកងទ័ព ត្រូវការគ្នាទៅវិញទៅមក

0
437

កំពង់ស្ពឺ ៖ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ របស់ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។

មានប្រសាសន៏នៅក្នុងពិធីនោះ ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៣ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះ ដែលកន្លងមកបានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិ ក្នុងភូមិសាស្ត្ទទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាការពារសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងព្រឹត្តការណ៍ជាយថាហេតុផ្សេងៗ ជាពិសេស សកម្មភាពចូលរួមចំណែកនានានៅក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមក ហើយការសម្ពោធអគារធ្វើការ អគារស្នាក់នៅ និងទីលានហ្វឹកហ្វឺន និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា នៅពេលនេះ គឺជាគំរូ សម្រាប់ផ្នែកសឹករងដទៃទៀត ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀត។

បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត “ជាតិ និងកងទ័ពត្រូវការគ្នាទៅវិញទៅមក”។ លោកពន្យល់ថា ជាតិត្រូវការកងទ័ព ដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ត្រូវការជាតិមួយដែលរឹងមាំ ដែលជាឱកាសដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លា និងពេញលេញ អាចទទួលរ៉ាប់រងភារកិច្ច ដែលកាន់តែស្មុគ្រស្មាញ ប្រែប្រួលទៅតាមការអភិវវឌ្ឍសង្គម-សេដ្ឋកិច្ច  និងភាពជឿនលឿន នៃបច្ចេកវិទ្យា ជាពិសេសការវិវត្តប្រែប្រួលដ៏ឆាប់រហ័ស នៃសភាពការណ៍សន្តិសុខអន្តរជាតិ។ ដូច្នេះកងយោធពលខេមរភូមិន្ទផ្ទាល់ ចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងជំរុញអភិវឌ្ឍសមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវការឆ្លើយតបចំពោះរាល់សំណូមពរភារកិច្ចនៅគ្រប់កាលៈទេសៈ។ ក្នុងពេលចំពោះមុខ ការងារនេះ គឺអាចចាប់ផ្តើមពីអង្គភាពនីមួយៗ ដែលត្រូវម្ចាស់ការលើខ្លួនឯង រួមផ្សំនឹងគំនិតច្នៃប្រឌិត ខិតខំរិះរកវិធីពិនិត្យដោះស្រាយតាមតម្រូវការជាក់ស្តែងផ្អែកលើសក្តានុពលធនធានរបស់ខ្លួន និងត្រូវរៀបចំឱ្យមានប្រព័ន្ធការងារត្រឹមត្រូវច្បាស់លាស់ និងប្រកបដោយគណនេយ្យភាព។

ថ្លែងក្នុងពិធីនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងដឹងគុណជាអនេក ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់គិតគូរផ្ទាល់ និងជាប់ជាប្រចាំចំពោះសុខទុក្ខ និងសុខុមាលភាពរបស់យោធិន គ្រួសារយោធិន ក៏ដូចជាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីដោះស្រាយរាល់ការលំបាកផ្សេងៗរបស់ពួកគាត់។ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃកិច្ចការមនុស្សធម៌នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបង្កើតឱ្យមានជាយន្តការការងារច្បាស់លាស់ ដើម្បីឱ្យការងារនេះអាចត្រូវបានទទួលបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ពីព្រោះសម្រាប់សម្តេចទាំងទ្វេ “ជាគ្រួសារកងទ័ពមួយថ្ងៃ គឺជាគ្រួសារទ័ពមួយជីវិត”។

ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បានឲ្យដឹងដែរថា ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោដនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុលពត ដែលប្រជាជាតិកម្ពុជាធ្លាប់បានឆ្លងកាត់ដ៏សែនសង្វេគ ព្រោះបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ហើយក្រុមគ្រួសារពុំអាចរៀបចំពិធីបុណ្យសពតាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។ យ៉ាងណាក៏ដោយ សោដនាដកម្មកូវីដ-១៩ បានប្រែក្លាយជាមានសភាពធូរស្រាលដោយសារសម្តេចតេជោ មានការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺនេះ តាមរយៈពិចារណាវិនិច្ឆ័យ និងសម្រេចអារកាត់រហ័សទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ។ លោកថា សម្តេចតេជោ អាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ ដូចអ្វីដែលសម្តេចធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋឲ្យរួចចេញផុតពីការកាប់សម្លាប់នៃរបបប៉ុលពតដែរ៕

Facebook Comments
Loading...