សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌពន្លឿនការរុះរើរបង នៅលើទំនប់ដែលធ្លាប់មានទំនាស់ នៃដី៩៣ក្នុងសង្កាត់ពញាពន់

0
510

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ២០២១នេះ លោក វ៉ែន ស៊ីនួន សមាជិក ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានស្នើឲ្យរដ្ឋបាលខណ្ឌសូមជួយពន្លឿនការរុះរើរបង ដែលក្រុមហ៊ុន១ តំណាងដោយឈ្មោះ អ៊ុយ បូវី បានសង់លើទំនប់ប្រឡាយ នៃទីតាំងដីធ្លាប់មានទំនាស់ ដែលត្រូវបានគេហៅឈ្មោះថា ដី៩៣ មានទំហំធំ ស្ថិតក្នុង៥ភូមិ នៃសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ព្រោះថាក្រោយពីមានការសម្របសម្រួលរបស់រដ្ឋបាលខណ្ឌ ក្រុមហ៊ុននោះបានយល់ព្រមរុះរើ របងរបស់ខ្លួនចេញពីលើទំនប់ដែលជាដីសាធារណៈរបស់រដ្ឋនោះហើយ។ តែក្រោយពីយល់ព្រមរុះរើ មកទល់ពេលនេះ រយៈពេលជាង៤ខែហើយ របងនោះនៅតែមិនទាន់រុះរើនៅឡើយ។ ដូចនេះសូមលោក អភិបាលខណ្ឌជួយជម្រុញការងារនេះឲ្យបានឆាប់រហ័ស ដើម្បី ឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើឆ្លងកាត់តាមខ្នងប្រឡាយនោះបាន ហើយម៉្យាងទៀត ដោយសារកន្លងមក មានផ្នែកខ្លះនៃរបងនេះ មានការដួលរលំ ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផងដែរ។

ឆ្លើយតបទៅនឹងសំណើខាងលើ លោក សុខ សម្បត្តិ អភិបាលនៃអគណៈអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា បញ្ហាទំនាស់នេះ លោកក្នុងនាមប្រធានគណៈកម្មាការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខណ្ឌ បានដាក់បញ្ជា គណៈកម្មាការ ដែលមានមន្ដ្រីជំនាញពាក់ព័ន្ធ ឲ្យចុះត្រួតពិនិត្យនិងធ្វើការដោះស្រាយ ចំនួន៤លើករួចមកហើយប៉ុន្ដែមិនបានលទ្ធផល ទៅតាមអ្វីដែលយើងចង់បាន។ប៉ុន្ដែទោះយ៉ាងណាយើងព្យាយាមស្វែងរកជំនួបជាមួយម្ចាស់ក្រុមហ៊ុននេះ ដើម្បីធ្វើការដោះស្រាយទៅតាមលទ្ធភាពជាក់ស្ដែង ដោយត្រូវការពេលវេលាយូរបន្ដិច។

លោក អភិបាលខណ្ឌបានបញ្ជាក់ថាយើងនិងជ្រើសរើសពេលវេលាណា១ យើងធ្វើលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុន រយៈពេល១សប្ដាហ៍ ដើម្បីឲ្យគូភាគីទំនាស់ព្រមទាំងមន្ដ្រីជំនាញចុះទៅម្ដងទៀត នៅកន្លែងប្រឈមជាស្ដែងដើម្បីធ្វើការដោះស្រាយនៅទីនោះផ្ទាល់តែម្ដងដើម្បី ជំរុញការងារនេះឲ្យបានលឿន ឆ្លើយតបទៅនិងសំណូមពររបស់ប្រជាពលរដ្ឋ ។ តែបើថ្នាក់ខណ្ឌដោះស្រាយមិនបានយើង មិនទុកចោលឡើយគឺត្រូវបញ្ជូន ទៅថ្នាក់រាជធានីបន្ដទៀត។

សូមជម្រាបជូនថា ដី៩៣ ស្ថិតក្នុងសង្កាត់ពញាពន់នេះ មានការទិញដូរតាំងពីឆ្នាំ១៩៩៣មកម្លេះ ក្រោយមកក៏មានកើត វិវាទគ្នា រវាងក្រុមហ៊ុន និង ប្រជាពលរដ្ឋ។ រហូត មកដល់ឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដោយមានការដោះស្រាយសម្របសម្រួល ជាបន្ដបន្ទាប់ ដោយលោកសុខ សម្បត្តិ ដែលជាប្រធាន និងក្រុមការងារ គណៈកម្មាការដោះស្រាយទំនាស់ដីធ្លី ថ្នាក់ខណ្ឌ ទីបំផុតវិវាទនេះត្រូវបានដោះស្រាយ ជូនគូវិវាទទាំងសងខាងអាចទទួលយកបាន។ តែបញ្ហាដែលនៅសេសសល់គឺនៅសល់តែរបង ដែលមិនទាន់រុះរើ។តាមពិតរបងនេះក្រុមហ៊ុនបានយល់ព្រមរុះរើហើយក្នុងពេលដោះស្រាយ នៅចំពោះ គណៈកម្មាការដោះស្រាយទំនាស់ដីធ្លី ថ្នាក់ខណ្ឌនិងប្រជាពលរដ្ឋរួច៕

Facebook Comments
Loading...