ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំស្តីពីការកែសម្រួលបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនជនគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះលោកសុខ សម្បត្តិ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា យុវជនជំនាន់មុនត្រូវធ្វើជាគំរូល្អដល់ក្មេងជំនាន់ក្រោយ ពិសេសត្រូវបំផុសឲ្យយុវជនជំនាន់ក្រោយឲ្យយល់ដឹងអំពី អំពើនិងបំណងល្អរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់លើយុវជនរហូតមកនោះ។
លោកបន្តថា យុវជនតាមបណ្តាភូមិ និងសង្កាត់ ត្រូវចេះស្រលាញ់គ្នា កុំប្រកាន់គ្នា និងត្រូវជួយគ្នាក្នុងគ្រាមានអាសន្ន ហើយត្រូវចេះហាត់ពត់លត់ដំខ្លួន ឲ្យបានល្អដើម្បីជាទំពាំងស្នងឫស្សី ចៀសវាងឲ្យផុតពី សកម្មភាពក្មេងទំនើង កាសេពគ្រឿងស្រវឹង និងគ្រឿងញាណ ឬប្រព្រឹត្តិអំពើមិនគប្បី ដែលសង្គមស្អប់ខ្ពើមនានា។
លោកបញ្ជាក់ថា យុវជនជាទំពាំងស្នងឬស្សី ដូច្នេះយុវជនទាំងអស់ត្រូវតែខ្លាហ៊ាន និយាយលើកឡើងពីបញ្ហាផ្សេងៗដែលកើតមានក្នុងតំបន់របស់យើង។ តើមានចំនុចអ្វីដែលយើងត្រូវការនិងកែអំអរ ក្នុងតំបន់យើងបន្តទៀត។ លោកបន្ថែមថា បច្ចប្បន្នមានតែគណបក្សប្រជាជនកម្ពុជា របស់យើងទេដែលដឹងសុខដឹងទុកប្រជាពលរដ្ឋ និងជួយរក្សាសេចក្តីសុខ ខិតខំថែរក្សាសន្តិភាព រួមទាំងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជូនប្រជាជននិងមាតុប្រទេស។ ដូចនេះយុវជននៅក្នុងគណបក្សប្រជាជន ត្រូវខិតខំប្រឹងប្រែងធ្វើខ្លួនឲ្យបានល្អ បើយើងខិតខំប្រឹងប្រែងខ្លួនឯងបានជាកូនល្អ ជាមិត្តល្អ និងជាយុវជនល្អហើយនោះ ខាងក្រុមការងារនិងគណបក្សប្រជាជនកម្ពុជា នឹងជួយយើងវិញជាក់ជាមិនខាន។
ជាចុងក្រោយលោកក៏បានជំរុញឱ្យមន្ដ្រី ក្រុមការងារចុះជួយសង្កាត់ទាំងអស់ និងមន្ត្រីបក្សត្រូវខិតខំបំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើ សំណូមពរ និងសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ហើយត្រូវរួមសាមគ្គីគ្នា ការពារសមិទ្ធិផលទាំងឡាយរបស់គណៈបក្សប្រជាជន ឲ្យបានស្ថិតស្ថេរគង់វង្ស នៅជាអមតតរៀងទៅ៕