ភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយិនដាយ បុកម៉ូតូម៉ាកហុងដា រួចរុញទៅបុកផ្ទប់ជាមួយរថយន្ត១គ្រឿងទៀតម៉ាកហ៊ីណូ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវចូលការដ្ឋានដី តាកៅ លើមហាវិថីឈ្នះៗ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាង រថយន្ត ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 3A-0932 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ហូរ ឧត្តម ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិឬស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ( របួសធ្ងន់ ) លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយម៉ូតូ មួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IX-1518 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពី កើតទៅលិច ( ទិសដៅស្របគ្នា ) បើកបរដោយឈ្មោះ តាយ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( គ្មានរបួស ) ហើយរថយន្តខាងលើបានរុញម៉ូតូបុកផ្ទប់ពីរក្រោយរថយន្ត ០១គ្រឿងទៀតម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B-0736 ធ្វើដំណើរលើមហាវិថីឈ្នះ ក្នុងទិសដៅពីកើតទៅលិច ( ទិសដៅស្របគ្នា ) បើកបរដោយឈ្មោះ ( គេចពីកន្លែងកើតហេតុ មិនស្គាល់អត្តសញ្ញាណ )។
ក្នុងករណីនេះបណ្តាលអោយ រថយន្ត ខូចខាតធ្ងន់០១គ្រឿង ស្រាល០១គ្រឿង និងម៉ូតូខូចខាតធ្ងន់០១គ្រឿង របួសធ្ងន់មនុស្ស០១នាក់ ករណីនេះសមត្ថកិច្ចមូលដ្ឋានបានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕