ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ

0
710

ភ្នំពេញ ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា, យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ៣៩៧/២០ ក.ប/ប្រ..អ.ឆ.ក ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាប ជូនដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារ ត្រូវអនុញ្ញាតឱ្យ កម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្នុងរយៈពេល (បីថ្ងៃ) គឺថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចពិភាក្សាជាមួយតំណាងកម្មករនិយោជិតក្នុងការ រៀបចំ ឬផ្លាស់ប្តូរការឈប់សម្រាកនេះនៅពេលណាមួយផ្សេងទៀត ក្នុងករណីមានការព្រមព្រៀងពីកម្មករនិយោជិត។ ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្ត ទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យ នីមួយៗដោយផ្លាស់ប្តូរគ្នា ហើយរក្សាទុកបញ្ជីបែងចែកនោះជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួន ស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

អាស្រ័យហេតុនេះ សូមម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវអនុវត្ត សេចក្ដីជូនដំណឹងនេះឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

Facebook Comments
Loading...