កុមារាឈ្មោះ គង់ សីហា មកសាលារៀនដំបូងអត់ស្បែកជើង យកប័ណ្ណចាក់វ៉ាក់សាំង ច្រកថង់ចងជាប់អាវ ឆក់បានបេះដូងសម្តេចនាយករដ្ឋមន្ត្រី ត្រូវបានអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ប្រកាសជួយឧបត្ថម២០លានរៀល

0
1263

ភ្នំពេញ ៖ ក្មេងប្រុសនៅក្នុងស្រុកបន្ទាយស្រីម្នាក់ ដែលឈរដោះស្បែកជើង ពាក់ម៉ាស និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក បានធ្វើឱ្យមហាជនក្តុកក្តួលយ៉ាងខ្លាំង ដែលត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេស បានទទួលការចាប់អារម្មណ៍ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីផងនោះ ត្រូវបានលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបង្ហាញអត្តសញ្ញាណហើយ កាលពីព្រលប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងនោះអ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានឧបត្ថមថវិការចំនួន២០លានរៀល។

មុននឹងចូលទៅលម្អិតអំពីអត្តសញ្ញាណកុមាររូបនេះ យើងក្រឡេកឃើញថារូបភាពក្មេងប្រុសរូបនេះ បានឆក់ស្រូបយកបេះដូងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះរូបថតក្មេងប្រុសតូចរូបនេះ អមជាមួយនឹងសំណេរថា «ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថា នៅទីណា?និងចៅតូចនេះឈ្មោះអី អាយុ ប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ» ។

សម្តេចបានសរសេរសារបន្ថែមទៀតថា «ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។ ទោះចៅមិនមានស្បែកជើងពាក់តែតាជឿ ថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យ បានល្អ។ សូមជូនពរចៅៗប្រកបដោយសេចក្តីសុខ សេចក្តីចំរើននិងរៀនសូត្របានល្អ»។

ជាមួយនឹងសំណេររបស់សម្តេច និងរូបថតរបស់កុមារារួបនេះឆក់ស្រូបបេះដូងមហាជន និងអ្នកលេងបណ្តាញសង្គម ធ្វើការចែកចាយរូបថតជិត១ម៉ឺនដងក្នុងរយៈពេល១ម៉ោង នៃការបង្ហោះរូបភាពលើហ្វេសប៊ុកផេករបស់សម្តេច។ បន្ទាប់មកនាថ្ងៃទី០២ ខែវិច្ឆិកាត្រូវបានលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបង្ហាញអត្តសញ្ញាណក្មេងប្រុសនៅក្នុងស្រុកបន្ទាយស្រី ដែលមានឈ្មោះ គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្មួយប្រុសគង់ សីហា រៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។

លោកអភិបាលស្រុកបានបន្តថា កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

សូមជម្រាបថា ទាំងប្តី និងប្រពន្ធ ដែលជាឳពុកម្តាយរបស់សីហាមិនមានទូរស័ព្ទប្រើប្រាស់នោះទេ តែប្រសិនបើមានសប្បុរសជនចង់ទំនាក់ទំនងជួយឧបត្ថម្ភតាមរយៈរូបភាពណាមួយ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទលេខ ០៩៧ ៦៩៨ ៥៤៧០ (លោកយាយ ដូ តាំ) ដែលត្រូវជាជីដូនរបស់សីហាបាន៕

Facebook Comments
Loading...