បន្ទាយមានជ័យ ៖ មនុស្ស០២បានស្លាប់នៅនឹងកន្លែងនិងមនុស្សចំនួន៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរា ណ៏នៅវេលាម៉ោង០៦ និង៤០នាទីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ក្រៅទីប្រជុំជន ត្រង់ចំណុចខាងកើតស្ពានអូរឬស្សី ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
លោក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ដំបូងមានរថយន្ត០១គ្រឿងម៉ាកHIGHTLANDER ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN-5046 បើកបរដោយឈ្មោះ ណែ ពុំ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ បើកក្នុងទិសដៅ ពីកើតទៅលិច នៅពេលបើកដល់ចំណុចខាងកើតស្ពានអូរឬស្សី ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប បានបុកម៉ូតូ០១គ្រឿង ម៉ាកទ្រីមសេរី១៩៩៩ ពណ៍ខ្មៅ គ្មានស្លាកលេខ ពីក្រោយ បើកបរដោយ ឈ្មោះ សឿន តុលាភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទ្រយោងឃុំភ្នំលៀប.ស្រុកព្រះនេត្រព្រះ (របួសជើងឆ្វេងធ្ងន់) ។
លោកអធិការបានបន្តថា៖ក្រោយពីបុកម៉ូតូរួចអ្នកបើករថយន្តបានព្យាយាមបើករត់គេចខ្លួន ពេលមកចំណុចខាងលិចផ្លូវចូលវត្តឡោតេប្រហែល ៥០ម៉ែត្រ ស្ថិតនៅភូមិភ្នំលៀបខាងលិច ឃុំភ្នំលៀប បានបុកជាមួយគោយន្តកន្ត្រៃ០១គ្រឿងទៀត បើកក្នុងទិសដៅពីលិចទៅកើតដែលបត់ឆ្វេង បើកបរដោយឈ្មោះក្រិញ ជុំភេទ ប្រុសអាយុ៣៥ឆ្នាំនៅភូមិឡោតេ ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ បណ្តាលឲ្យស្លាប់០២នាក់នៅនឹងកន្លែងកើតហេតុ អ្នកបើកគោយន្ត និងអ្នករួមដំណើរម្នាក់ជាប្រពន្ធ ចំណែកកូនប្រុសអាយុ១២ឆ្នាំ របួសធ្ងន់។ ចំពោះអ្នកបើក រថយន្តនិងអ្នករួមដំណើរសរុប០៥នាក់ របួសធ្ងន់។ អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងនិងមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។
លោកមាស ប្ញទ្ធី បានបញ្ជាក់ថា៖មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើករថយន្តមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកគោយន្តកន្ត្រៃបត់ឆ្វេងប្តូរ ទិសមិនប្រយ័ត្ន។ ចំពោះវត្ថុតាង ម៉ូតូគោយន្តនិងរថយន្តខូចធ្ងន់ នគរបាលជំនាញយកមករក្សាទុកនៅអធិ ការដ្ឋាននគរបាលស្រុក ក្រោយពីពិនិត្យនិងវាស់វែងរួច ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕