អាជ្ញាធរខណ្ឌព្រែកព្នៅ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ ឱ្យចូលរួមអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាលទាំងអស់គ្នា

0
793

ភ្នំពេញ ៖ ដើម្បីឲ្យការអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាពហើយប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់គ្រប់ៗគ្នានោះ រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏មិនខុសពីខណ្ឌដទៃដែរក្នុងរាជធានីភ្នំពេញ បានចុះអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក៏ដូចជាបងប្អូនប្រកបមុខរបរលក់ដូរតាមដងផ្លូវទាំងអស់ឲ្យចូលរួមអនុវត្តនៅបំរាមគោចរនេះឲ្យបានគ្រប់គ្នាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 នៅក្នុងសហគមន៍ កាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងការចុះអប់រំ និងផ្សព្វផ្សាយនេះក្រោមការបញ្ជាផ្ទាល់ពីលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ដែលជាប្រធានបញ្ជាការឯកភាពខណ្ឌ បានចាត់ ចែងកម្លាំងដោយអភិបាលរង ដើម្បីចុះអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរតាមដងផ្លូវក្នុងដែនដីរបស់ខ្លួនឱ្យចូលរួមអនុវត្តនូវបម្រាមគោចរដែលត្រូវហាមឃាត់ចាប់ពីម៉ោង៩ និង00 រហូតដល់ម៉ោង០៣ ទៀបភ្លឺ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដានេះ រហូតទៅដែលមានរយៈពេល១៤ថ្ងៃ។

លោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅ បានប្រាប់ឲ្យដឹងថា យប់នេះនេះគ្រាន់តែជាការអប់រំសព្វផ្សាយឱ្យបងប្អូនបានជ្រាបកាន់តែច្បាស់អំពីព័ត៌មានដែលត្រូវអនុវត្តនូវបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។ ហើយចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះតទៅអាជ្ញាធរមានសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញធ្វើយ៉ាងណាឲ្យការអនុវត្តបម្រាមគោចរនេះមានប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩បំលែងថ្មីដែលហៅថា (ដែលតា) ដែលបានឆ្លងចូលមកក្នុងសហគមន៍របស់យើងតាមរយៈពលករចំណាកស្រុកមកពីប្រទេសជិតខាងនាពេលនេះ។

សូមបញ្ជាក់ថា ការអនុវត្តនូវបម្រាមគោចរនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានបង្ហាញពីការរកឃើញជំងឺកូវីដ19 បំឡែងថ្មី បានចូលមកដល់ក្នុងសហគមន៍របស់យើង តាមរយៈបងប្អូនពលករចំណាកស្រុក ដែលវិលចូលមកស្រុកវិញពីប្រទេសជិតខាង ៕

Facebook Comments
Loading...