បន្ទាយមានជ៏យ ៖ បង្ក្រាបមុខសញ្ញាគ្រឿងញៀន និងវត្ថុតាងទ្រង់ទ្រាយធំឃាត់មនុស្ស៣នាក់, និងគ្រឿងញៀនខុសច្បាប់ចម្រុះប្រមាណជាជិត១០គក្រ នៅ២ទីតាំងផ្សេងគ្នា ពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងសង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងការបង្ក្រាបនេះកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់។
លោកវរសេនីយ៍ធិន ស៊ិនដេត ស្នងការរងទទួលផែនគ្រឿងញៀននិងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យបានប្រាប់នាថ្ងៃទី១៦ខែធ្នូថា ការបង្ក្រាបមុខសញ្ញាគ្រឿងញៀននិងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមវិធានបច្ចេកទេសនិងធ្វើនៅ២ទីតាំង។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់ មានឈ្មោះ១-ឈ្មោះ ទ យ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ហ ម៉ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ៣-ឈ្មោះ ស ដលស ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។
លោកស្នងការបន្តថា យើងបានសហការឈានត្រួតពិនិត្យ និងឆែកឆេរស្វែងរកវត្ថុតាងទាំងពីរទីតាំងខាងលើ ទីតាំងទី១ ចំណុចផ្ទះជួលរបស់ឈ្មោះ ទី យៀង ភេទស្រី ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត វត្ថុតាងចាប់យកមាន: ចំនួន២(ពីរ)វ៉ាលី សង្ស័យសារធាតុញៀន មិនទាន់រាប់ចំនួនច្បាស់លាស់។ ទីតាំងទី២ ចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ និងក្រុងប៉ោយប៉ែត សម្ភារៈវត្ថុតាងចាប់យកមានៈ ចំនួន១កេសដែក សង្ស័យសារធាតុញៀន មិនទាន់រាប់ចំនួនជាក់លាក់។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងខាងលើ បានបញ្ជូនបន្តទៅមន្ទីប្រឆាំងគ្រឿងញៀន និងអនុវត្តនីតិវិធីនៃច្បាប់៕