បញ្ហាប្រឈមធំៗចំនួន៣​ប៉ុន្តែកម្ពុជា បាន​ជំនៈ និង​ដោះស្រាយ​បាន​យ៉ាងល្អ​

0
812

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល​រាជធានី​ភ្នំពេញ ថ្លែងក្នុងឱកាសចុះ​សំណេះសំណាល និង​ផ្ដល់​អំណោយសម្តេចតេជោជូន​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌព្រែកព្នៅ​ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ បានលើកឡើងថា ​នៅឆ្នាំ២០២០​​នេះ ​ប្រទេស​កម្ពុជា មានបញ្ហាប្រឈមធំៗចំនួន៣ ​ប៉ុន្តែ​​ក្រោមការដឹកនាំរបស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​ជំនៈ និង​ដោះស្រាយ​បាន​យ៉ាងល្អ​។

​ចំពោះបញ្ហាប្រឈមទាំង៣ ​ត្រូវបានលោក ឃួង ស្រេង ​បញ្ជាក់ថា៖ បញ្ហាទី១ គឺបញ្ហា​សំរាម ដោយសារ​កម្មករ​ក្រុមហ៊ុន ស៊ីន ទ្រី ធ្វើ​កូដកម្ម មិនព្រមប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ហើយក្នុងខណៈនោះ ក្រោម​ការដឹកនាំរបស់​សម្ដេច​តេជោ ក្រសួង​មហា​ផ្ទៃ បានសម្រេច បញ្ចេញ​នូវ​កម្លាំង​ចម្រុះ ដើម្បីធ្វើការប្រ​មូល​សំរាម នៅក្នុងរាជធានី​ភ្នំ​ពេញ ក្នុងនោះប្រជាការពារជាកម្លាំងស្នូល ក្នុងកិច្ចប្រតិបត្តិការនៃការ​ប្រ​មូលសំរាមនេះ រហូត​ទទួលបាន លទ្ធផល ជោគជ័យ ដោយក្នុងមួយថ្ងៃ ​អាចប្រមូលសំរាម​បានរហូត​ដល់៣ពាន់តោន។

ចំណែកបញ្ហាប្រឈមទី២ ​គឺបញ្ហាទឹកជំនន់ ដែលបានជន់លិចរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត​មួយ​ចំនួនទៀត។ ប៉ុន្តែបញ្ហាប្រឈមនេះ ត្រូវបានដោះស្រាយ​ទទួលបានជោគជ័យផងដែរ ដោយ​សារតែ​បាន​ប្រើប្រាស់​កម្លាំង​​សហការគ្នា ដោយបាន​ជម្លៀស​ប្រជាពលរដ្ឋ​មកកាន់ទីទួល​សុវត្ថិភាព ជាមួយនឹងការផ្ដល់ជា​ស្បៀង​អាហារ​ជូនពួកគាត់​។ ដោយឡែក​បញ្ហាប្រឈមទី៣ ​គឺ​ព្រឹត្តិការណ៍ ថ្ងៃទី០៣វិច្ឆិកា ដែល​ប្រទេស​កម្ពុជា បាន​​ប្រឈម​នឹង​ជំងឺ​កូវីដ-១៩ ក្នុងនោះក្រោមការដឹកនាំរបស់សម្ដេចតេជោ ​បាន​គ្រប់គ្រង​បញ្ហា​ទទួល​បាន​ជោគជ័យ ដោយ​មិន​ធ្វើ​ឱ្យ​រាលដាល​ដល់​សហគមន៍​នោះទេ។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានចែកអំណោយជា​អង្ករ ​មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និង​​ម៉ាស ជូន​ដល់កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌព្រែកព្នៅ ​ផងដែរ៕

 

 

Facebook Comments
Loading...