ភ្នំពេញ ៖ បុរសជាអ្នកបើករ៉ឺម៉កដឹកដែកម្នាក់បានស្លាប់នៅកន្លែង និងស្រ្តីមានផ្ទៃពោះ២នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តដឹកហ្គាសដាច់ហ្វាំង បុករះលើរ៉ឺម៉កជាច្រើនគ្រឿង កាលពីវេលាម៉ោងប្រមាណ១០ និង៥៥នាទីព្រឹកថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០២០ នៅមុខសិប្បកម្មកាត់ដេរមួយកន្លែង ត្រង់ចំណុច ស្តុប គោលដៅ ២៤ម៉ោងតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែវផ្លូវសម្តេចជា ស៊ីម ក្នុងភូមិព្រៃស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអោយបុរសម្នាក់បានស្លាប់ និងនារីមានផ្ទៃពោះ២នាក់ដែលជាកម្មការីនី បានរងរបួស ដោយឡែករថយន្តមួយគ្រឿង ម៉ូតូរ៉ឺម៉កដឹកដែក និងរ៉ឺមម៉ូតូលក់ដូរចំនួន៤គ្រឿង បានរងការខូចខាត។
ជនរងគ្រោះដែលស្លាប់ក្នុងគ្រោះថ្នាក់ឈ្មោះ យិន វ៉េត ភេទប្រុសអាយុ៤៧ឆ្នាំ មានលំនៅភូមិ ខ្ញួងលើ ឃុំមហាខ្ញួង ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាអ្នកបើករ៉ឺម៉កម៉ូតូដឹកដែក ។ ចំណែកស្រ្តីមានផ្ទៃពោះជាកម្មាការីនី រងរបួសពុំស្គាល់ឈ្មោះឡើយ ត្រូវរថយន្តដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ រថយន្តដែលបង្កគ្រោះថ្នាក់នេះ ម៉ាកហ៊ី យ៉ាន់ដាយ ពណ៌សជារថយន្តដឹកស៊ីទែនហ្គាសរបស់ក្រុមហ៊ុន KNHC ENG GAS ពាក់ស្លាកលេខ ភ្នំពេញ៣E.៤៩១៣បើកបរដោយឈ្មោះ ផុល ផល្លីន ភេទប្រុសអាយុ ២២ឆ្នាំ ស្នាក់នៅ ក្នុងក្រុមហ៊ុន ដែលស្ថិតនៅ សង្កាត់ឃ្មួញខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិត្រពាំងអណ្តូង ឃុំចាន់សែន ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលឃាត់ខ្លួន៕