បុរសម្នាក់ស្លាប់ដោយសារនារីម្នាក់បើករថយន្តស៊េរីទំនើប បុកម៉ូតូពេញទំហឹង និងកិនម៉ូតូអូសប្រហែល១០ម៉ែត្រ

0
16701

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូម្នាក់ឯងក្នុងបុរីរ៉ូយ៉ាល់មេគង្គត្រូវនារីម្នាក់បើករថយន្តស៊េរីទំនើប ម៉ាក AUDI Q7 មួយគ្រឿង បានជ្រុលទៅបុកយ៉ាងពេញទំហឹងក្នុងទិសដៅបញ្ច្រាស់គ្នា ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរីរ៉ូយ៉ាល់មេគង្គ ក្បែរផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប  ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តបង្កម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-0805 បើកបរដោយនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។ រីឯម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1P -1443 ជិះដោយបុរសម្នាក់ ឈ្មោះខន សុភួន អាយុ២៤ឆ្នាំ  មានទីលំនៅផ្ទះ៩៨ ផ្លូវលំ ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៌ ខេត្តព្រៃវែង  (ត្រូវបានស្លាប់នៅកន្លែងកើតហេតុ)។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញភាគីខាងម៉ូតូធ្វើដំណើរតាមផ្លូវបេតុងក្នុងបុរីរ៉ូយ៉ាល់មេគង្គ ទិសដៅពីលិចទៅកើត ខណៈពេលនោះក៏មានភាគីរថយន្តបង្កខាងលើធ្វើដំណើរទិសដៅបញ្ច្រាស់គ្នា ក្នុងល្បឿនលឿន បានបុកម៉ូតូរងគ្រោះពេញទំហឹង និងកិនម៉ូតូអូសប្រហែល១០ម៉ែត្រ ដែលបានធ្វើឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។

ក្រោយមក បងប្អូនប្រជាពលរដ្ឋបានឃាត់នារីម្នាក់ដែលជាតៃកុងប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន រួចសមត្ថកិច្ចក៏បានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង និងស្ទួចយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោស្រាយតាមក្រោយ។ រីឯសពជនរងគ្រោះ  សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...