រយៈពេល៥ថ្ងៃភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេស សរុបជាង១.៤លាននាក់ តែមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ

0
13532

ភ្នំពេញ ៖ រយៈពេល៥ថ្ងៃនាថ្ងៃឈប់សម្រាក ភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តទូទាំងប្រទេសមានសរុបជាង ១.៤លាននាក់ ក្នុងនោះតាមការអង្កេតជាក់ស្តែង មិនមានបញ្ហាធំដុំណាមួយកើតឡើងទេ ទាក់ទងនិងការតំឡើងថ្លៃហួសហេតុលើសេវាស្នាក់នៅ និងម្ហូបអាហារទេ។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេស​ចរណ៍រាជធានីខេត្ត ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេស​ចរណ៍នានាទូទាំងប្រទេសចាប់ពី ថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមា​ណ ១.៤៥៩.៣៨៦នាក់ ក្នុងនោះ៖ ភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨ នាក់ ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨ នាក់ ចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗ រួមមាន៖ ថ្ងៃទី១ ប្រមាណ ២៣៣.៣២៩ នាក់  ថ្ងៃទី២ ប្រមាណ ២៨១.៨៥៥ នាក់ ថ្ងៃទី៣ ប្រមាណ ៣២៥.០៧៧ នាក់ ថ្ងៃទី៤ ប្រ​មាណ ៣៣៤.៣៩១ នាក់ ថ្ងៃទី៥ ប្រមាណ ២៨៤.៧៣៤ នាក់។

តាមការកត់សម្គាល់បន្ថែម និងការវាយតម្លៃបឋម យើងសង្កេតឃើញថាះ រាជធានីខេត្តទាំងអស់បានខិតខំរៀបចំគោលដៅទេសចរណ៍ និងបង្ហាញផលិតផលទេសចរណ៍ថ្មីៗ ដួចនៅខេត្តសៀមរាប រដ្ឋបាលខេត្តបានខិតខំរៀបចំបង្កើតអោយមានព្រឹត្តិការណ៍ “សម្រាកសៀមរាប” ទាំងព្រឹត្តិការណ៍កីឡា ទេសចរណ៍ វប្បធម៍ ប្រពៃណី ។ល។ ដែលបានទាក់ទាញទេសចររាប់ម៉ឺននាក់ទៅកម្សាន្តនៅខេត្តសៀមរាប។ ក្នុងដំណើរការរៀបចំនេះ រដ្ឋបាលខេត្តបានសហការជាមួយគ្រប់ផ្នែកពាក់ពាន់ និងវិស័យឯកជន ខិតខំអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសនៅកន្លែងប្រារព្វពិធី។

ភ្ញៀវទេសចរភាគច្រើនបានដើរកម្សាន្តជាក្រុមគ្រួសារ និងជាច្រើនគោលដៅដោយភ្ជាប់គ្នាពីខេត្តមួយទៅខេត្តមួយ ហើយខ្លះបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់ហូបចុកក្នុងដំណើរកម្សាន្ត។ តាមការអង្កេតជាក់ស្តែង មិនមានបញ្ហាធំដុំណាមួយកើតឡើងទេ មិនមានការតំឡើងថ្លៃហួសហេតុលើសេវាស្នាក់នៅ និងម្ហូបអាហារទេ ទោះបីនៅតាមគោលដៅទេសចរណ៍មួយចំនួន មានការខ្វះខាតបន្ទប់ស្នាក់នៅ ដោយសារលំហូរភ្ញៀវមានច្រើនក្នុងពេលតែមួយក៏ដោយ។

ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសការបោះតង់ និងការស្នាក់នៅផ្ទះរបស់បងប្អូន ឬជួលផ្ទះរបស់បងប្អូនប្រជាជនក្នុងខេត្តផ្ទាល់។ ប៉ុន្តែ បញ្ហាសំរាម ទោះបីរដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធមានការខិតខំច្រើន តែនៅតែជាបញ្ហាស្មុគ្រស្មាញនៅឡើយដោយនៅតាមគោលដៅមួយចំនួន ភ្ញៀវទេសចរមានការទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែលពួកគាត់បានទទួលទានអាហារ។

គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានីខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ ជាពិសេសការស្កេនកំដៅ លាងដៃ និងការកត់ត្រាពត៌មានភ្ញៀវ។ យ៉ាងណាក៏ដោយ ការពាក់ម៉ាស់របស់ភ្ញៀវនៅមិនទាន់មានភាពពេញលេញ ហើយការរក្សាគំលាតសុវត្ថិភាពនៅពុំទាន់អនុវត្តបានល្អប្រសើរ ជាពិសេសនៅតាមគោលដៅទេសចរណ៍ដែលមានលក្ខណៈប្រមូលផ្តុំច្រើន។

ជារួម ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជន មានភាពរីករាយជាមួយលំហូរភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍ ខណៈដែលការចំណាយរបស់ភ្ញៀវបានហូរចូលដោយផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចមូលដ្ឋាន។ មូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើនបានបើកទទួលភ្ញៀវ រាប់តាំងពីសេវាស្នាក់នៅ និងម្ហូបអាហារ ខណៈដែលមគ្គុទេ្ទសក៏ទេស​ចរណ៍មួយចំនួនក៏បានទទួលការងារពីលំហូរភ្ញៀវទេសចរដ៏ច្រើននេះ ប៉ុន្តែសណ្ឋាគារកំរិតខ្ពស់ដែលធ្លាប់ទទួលភ្ញៀវអន្តរជាតិ ពុំទាន់បើកដំណើរការនៅឡើយ ជាពិសេសនៅខេត្តសៀមរាប៕

Facebook Comments
Loading...