មនុស្ស៣នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូជែង ទៅចូលរថយន្តដឹកខ្សាច់

0
6311

ត្បូងឃ្មុំ ៖ មនុស្សប្រុសស្រី៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ ជែងរួចជ្រុល ទៅបុកនឹងរថយន្តដឹកខ្សាច់ បណ្តាលឱ្យកិនអូស ទាំងម៉ូតូ ទាំង មនុស្ស យ៉ាងអាណោចអាធ័មបំផុត ដែលហេតុការណ៍ដ៏ រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ០៨ និង៥៥នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រ ១២៣-១២៤ ចំណុចមុខដីភូមិឈ្មោះអានម៉ាឌី ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានពីលោក គង់ ស៊ីហុង អធិការរងនគរបាលចរាចរណ៍ស្រុកត្បូងឃ្មុំ បានឱ្យដឹងថា នៅពេលកើតហេតុមាន ម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីម សេរី 2018 ពាក់ស្លាកលេខត្បូងឃ្មុំ1F-5029 បើកបរដោយឈ្មោៈ អោក សៅ ហៅ(ម៉ាប់) ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិ ខ្នប់ដំរីត្បូង ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) បានឌុបមនុស្សស្រី02នាក់ គឺប្រពន្ធឈ្មោះ សន សុខខឿន ភេទស្រី អាយុ៣៤ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) និងម្នាក់ទៀត ឈ្មោៈ ស៊ិន សុខខេន ភេទស្រី អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)។

លោកបញ្ជាក់ថា ក្នុងហេតុការណ៍នោះ ជនរងគ្រោះបានជិះម៉ូតូ ជែងរថយន្ត តូចមួយគ្រឿងក្នុងទិសដៅ បញ្ច្រាសគ្នាពីត្បូង ទៅជើង រួចក៏ជ្រុលទៅបុក ជាមួយរថយន្តម៉ាក ហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខ រតនៈគីរី 3A.0077 មិនស្គាល់ឈ្មោៈនិងអាស័យដ្ឋានអ្នកបើកបរ ដោយរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកត្បូងឃ្មុំ បានចុះវាស់វែង ដោយយកវត្ថុតាងរថយន្តដឹកខ្សាច់ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បី ចាត់ការតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយ អន្តរាគមន៍ទាក់ទងទៅក្រុមគ្រួសារ ជនរងគ្រោះមកយកសពជនរងគ្រោះទាំង៣នាក់ ទៅធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកំណើតផងដែរ៕

Facebook Comments
Loading...