អាជ្ញាធរខេត្តសៀមរាប សេចក្ដីជូនដំណឹងហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ)

0
1438

សៀមរាប ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង ស្ដីពីហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ)។ នេះបើតាមសេចក្ដីជូនដំណឹង ទទួលបាននាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។

សេចក្ដីជូនដំណឹង របស់មន្ទីរកសិកម្ម បានឲ្យដឹងថា ខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម៌ ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ។

តាំងពីបុរាណកាលរៀងមក សត្វសុនខ (ឆ្កែ) ត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនខ្មែរ យើងចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ (ឆ្កែ) មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចំការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មលក់-ទិញ-ពិឃាតសត្វសុនខ (ឆ្កែ) ដើម្បីធ្វើជាម្ហូបអាហារមាន ភាពអាណាធិបតេយ្យ និងកើនឡើងគួរឲ្យព្រួយបារម្ភ។

នេះជាសញ្ញាមួយបង្ហាញថា មានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឲ្យមានការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗជាច្រើនទៀត ពីតំបន់មួយទៅ តំបន់មួយ ដែលអាចប៉ះពាល់ដល់ សុខភាពសាធារណៈ នេះបើយោងតាមការសិក្សាស្រាវជ្រាវ ពីអង្គការសុខភាពសត្វពិភពលោក (OIE) និងអង្គការ ហ្វរផរ (Four Paw)។

ការដើរទាក់លក់-ទិញ និងពិឃាតសត្វអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្ដីពី សុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោស យ៉ាងធ្ងន់ធ្ងរ តាមមាត្រា១១២, ១១៣, ១១៥ នៃច្បាប់នេះ។ អាស្រ័យហេតុនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទដោយ គ្មានការអនុញ្ញាត។

ជាមួយគ្នានោះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ក៏បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរដោយស្មោះ អស់ពីដួងចិត្ត ចំពោះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ដែលបានសម្រេចជំរុញការអនុវត្តច្បាប់ ក្នុងការហាមឃាត់ការធ្វើអាជីវកម្ម ទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ)។

លោក ហេង រតនា បានបញ្ជាក់ថា ស្មារតីនៃការសម្រេចចិត្ត ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់នេះ ជាការបង្ហាញភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ ដើម្បីលើកកម្ពស់សីលធម៌ និងវប្បធម៌ជាតិខែ្មរយើង ឲ្យកាន់តែល្អផូរផង់ថែមទៀត ក្នុងសង្គមខែ្មរឡើងវិញ។

លោក ហេង រតនា បានបន្ថែមទៀតថា អ្នកស្រលាញ់សត្វសុនខ (ឆ្កែ) ក៏ដូចជាប្រជាពលរដ្ឋទាំងឡាយ ពិតជារីករាយស្វាគមន៍ចំពោះការអនុវត្តច្បាប់នេះ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសព្រមៗគ្នា ដោយមិនធ្វើជំនួញសាច់សុនខ និងបរិភោគសាច់សុនខ៕

Facebook Comments
Loading...