ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយ មន្ដ្រីបក្សថ្នាក់សង្កាត់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកព្នៅ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោកម៉ៅ បូរ៉ា អនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានណែនាំដល់ប្រធាន អនុប្រធាន គណៈកម្មាធិការបក្សសង្កាត់ ព្រែកព្នៅត្រូវបន្ដយកចិត្តទុកដាក់ ពិនិត្យតាមដានពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យបានដិតដល់ ពិសេសបងប្អូនដែលមានជីវភាពខ្វះខាត ព្រោះនៅសម័យកូវីដកំពុងរាតត្បាតនេះ គ្រួសារមួយចំនួន មានបញ្ហាប្រឈមយ៉ាងខ្លាំងចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
លោក ម៉ៅ បូរ៉ា បានលើកឡើងថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកមានឱនភាពតែប្រជាពលរដ្ឋត្រូវរស់នៅធម្មតា តាមគន្លងថ្មី ពោលគឺត្រូវយកចិតទុកដាក់ក្នុងការការពារ ការរីករាលដាលនៃការឆ្លងជម្ងឺកូវីដ១៩ ព្រោះបើយើងធ្វើអញ្ចឹងទាំងអស់គ្នា សេដ្ឋកិច្ចយើងនឹងដើរតិចៗឡើងវិញ តែបើយើងមិនរស់នៅតាមគន្លងថ្មីទេ យើងនឹងស្លាប់ទាំងអស់គ្នា។
លោកអនុប្រធានប្រចាំការបញ្ជាក់ថា ក្នុងការធ្វើបណ្ណកី្រក្រជូនប្រជាពលរដ្ឋ សូមធ្វើឲ្យចំគោលដៅ បើធ្វើឲ្យអ្នកធូរធារ ឬបងប្អូនបក្សពួករបស់ខ្លួន មតិមហាជននឹងរិះគន់និទ្ទាន បើយើងធ្វើជូន អ្នកក្រីក្រខ្វះខាតពិតប្រាកដ ទាំងសាម៉ីខ្លួននិងមហាជនទូទៅ មានការសប្បាយចិត្តពួកគេនឹង គាំទ្រយើង។ជាមួយនេះត្រូវបន្ដយកចិត្តទុកដាក់ធ្វើគោលនយោបាយលើស្ដ្រីនិងកុមារ ដោះស្រាយ បញ្ហាលំបាករបស់ពួកគាត់គឺពេលសំរាលកូន គឺត្រូវបានជួយទំនុកបំរុង ធ្វើយ៉ាងណាជួយសម្របសម្រួលមិនឲ្យមានកើតកូនតាមផ្ទះ ឬតាមផ្លូវឡើយ គឺត្រូវជូនពួកគាត់ឲ្យមកសម្រាលដល់មន្ទីរ ពេទ្យ ឬ មណ្ឌលសុខភាព ដើម្បីធានាសុវត្ថិភាពដល់ពួកគាត់។
លោក អនុប្រធានគណបក្សខណ្ឌមានប្រសាសន៍ ថា ការដឹងសុខទុកប្រជាពលរដ្ឋគឺជាកិច្ចការសំខាន់ ដូចនេះ សូមបងប្អូនបន្ដខិតខំយកចិត្តទុកដាក់ចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីបង្កើននូវភាពស្និទ្ធស្នាល ពិសេសស្វែងរកព៌តមានដែលជាតម្រូវការ និង សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋដែលកំពុងប្រឈម ដើម្បីយកបញ្ហាទាំងនោះ មកពិភាក្សា ដោះស្រាយនិង ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន ទើបអាចជម្រុញ សកម្មភាពការងាររួមទទួលបានជោគជ័យ ។
ជាមួយនេះ ត្រូវបន្ដសហការគ្នាឲ្យបានល្អប្រសើរ ក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន តាម រយៈការលើកកម្ពស់ការអនុវត្ត គោល នយោបាយភូមិសង្កាត់មានសុវត្ថិភាព ទាំង ៩ចំណុច ដោយធ្វើការ ទប់ស្កាត់អំពើរចោរកម្ម ល្បែងស៊ីសង អំពើហឹង្សា និងបញ្ហាគ្រឿងញៀនជាដើម ពិសេសរក្សាឲ្យបាន នូវសន្ដិសុខ សុវត្ថិភាព របៀបរៀបរយ សាធារណៈ៕