ក្មេងស្រី២នាក់បងប្អូនតាមជីដូនទៅវាលស្រែ លុះវិលមកវិញមុនចុះហែលបេះផ្លែឈូកក្នុងស្រះទឹក លង់ស្លាប់ទាំង២នាក់

0
1681

ភ្នំពេញ ៖ ក្មេងស្រី២នាក់បងប្អូន ខណៈដែលតាមជីដូនទៅវាលស្រែ វិលមកវិញ នាំគ្នាចុះងូតទឹកស្រះ ហែលបេះផ្លែឈូក ជាអកុសល ផុតជើងទៅកន្លែងជ្រៅ លង់ស្លាប់ទាំង២នាក់ ទោះជាក្រុមគ្រួសារ ព្យាយាមដឹកយកទៅមន្ទីរពេទ្យ ក៏មិនអាចសង្គ្រោះឲ្យមានជីវិតឡើងវិញបានដែរ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅស្រះឈូក ក្នុងភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល។

ក្មេងស្រីរងគ្រោះទាំង២នាក់ទី១ឈ្មោះ វុទ្ធី វត្តី ភេទស្រី អាយុ១១ឆ្នាំ មុខរបរ សិស្សសាលាអង្គបឹងចក។ ទី២ឈ្មោះ សើ កែវរក្សា ភេទស្រី អាយុ៩ឆ្នាំ មុខរបរ សិស្ស នៅសាលាអង្គបឹងចក។ ទាំង២នាក់បងប្អូនមានទីលំនៅ ភូមិ-សង្កាត់កើតហេតុ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ។

តាមប្រភពនៅកន្លែងកើតហេតុ បានប្រាប់អ្នកយកព័ត៌មានហង្សមាសឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេង៣នាក់បងប្អូន ប្រុស១នាក់ ស្រី២នាក់ បាននាំគ្នាទៅវាលស្រែជាមួយជីដូន លុះដល់វេលាម៉ោងខាងលើ ក្មេងទាំង៣នាក់ក៌បានដើរមកដល់ ស្រះឈូក ហើយក៏ក្មេងស្រី២នាក់ បានចុះងូតទឹក ចំណែកក្មេងប្រុស នៅអង្គុយចាំលើគោក ខណៈដែលក្មេងស្រីទាំង២នាក់ងូតទឹកស្រះ ក៏ហែលទៅបេះផ្លែឈូក ជាអកុសល ចូលដល់កន្លែងជ្រៅ ផុតដៃជើង លង់លិចបាត់តែម្តង ឃើញសភាពបែបនេះ ក្មេងប្រុសរត់ទៅតាមហៅជីដូន ឲ្យមកជួយ ហៅទាំងក្រុមគ្រួសារ អ្នកស្រុក នាំគ្នាចុះរាវស្រង់ឡើងគោក ដោយមិនអស់ចិត្ត ដឹកតារថយន្តផ្ទាល់ខ្លួនយកទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល តែគ្រូពេទ្យបញ្ជាក់ប្រាប់ ក្មេងទាំង២នាក់ស្លាប់បាត់ហើយ ទើបដឹកវិលត្រឡប់មកផ្ទះវិញ។

ជុំវិញករណីខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅសាកសួរ ធ្វើកំណត់ហេតុ តែក្រុមគ្រួសារមិនប្តឹងផ្តល់អ្វីឡើយ ទើបសមត្ថកិច្ចប្រគល់សពជូនទៅក្រុមគ្រួសារ រៀបចំធ្វើបុណ្យទៅតាមប្រពៃណីខ្មែរយើង៕

 

Facebook Comments
Loading...