ភ្នំពេញ ៖ កីឡាករនី សុភី អ្នកប្រដាល់របស់ក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោកឡើងសងសឹកកីឡាករជើងខ្លាំងឡៅ ចន្ទ្រា អ្នកប្រដាល់មកពីក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ខណៈកីឡាករលន បញ្ញា អ្នកប្រដាល់សមាគមកីឡាប្រដាល់កងយោធពលខេមរៈភូមិមិន្ទ ឡើងដណ្តើមប្រាក់លាននិងកីឡាករឡុង ឡា អ្នកប្រដាល់មកពីសមាគមអប់រំកាយស្រុកអន្លុងវែង នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២១ ខែមិថុនា ឆ្នាំ២០២០នេះ។
កីឡាករឡៅ ចន្ទ្រា ដែលស្វាគមន៍កីឡាករនី សុភី មកសងសឹកនេះក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំង២ធ្លាប់ជួបគ្នាម្តងមកហើយដោយ ឡៅ ចន្ទ្រា បានយកឈ្នះលើនី សុភី ដោយពិន្ទុ។ បច្ចប្បន្ននេះកីឡាករឡៅ ចន្ទ្រា ប្រមាណជិត១០ប្រកួតចុងក្រោយនេះ ត្រូវបានគេកត់សម្គាល់ថាប្រកួតឈ្នះរហូតនៅលើសង្វៀនប្រដាល់ទាំងលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។ អញ្ចឹងហើយទើបអ្នកស្នេហាកីឡាប្រដាល់ភាគច្រើនកំពុងនាំគ្នាយល់ថា ឡៅ ចន្ទ្រា គេជាកីឡាករដែលមានសក្តានុពល ហើយមានសមត្ថភាពគួរឱ្យសរសើរ ដោយម្នាក់ៗហាក់សម្តែងនូវទំនុកចិត្តចង់ទស្សនាយ៉ាងខ្លាំងនៅគ្រប់ ពេលកីឡាកររូបនេះឡើងរេញម្តងៗនោះ។
ចំណែកកីឡាករនី សុភី វិញនរណាក៏ទទួលស្គាល់ថា គេមានស្នៀតជង្គង់ល្អដែរ ព្រោះគេបានខាងកម្ពស់ដៃវែងជើងវែង ពេលប្រកួតរាល់លើកភាគច្រើន សុទ្ធតែផ្តួលគូតស៊ូពីក្បាច់ជង្គង់ពិឃាតរបស់គេនេះតែម្តង។ តែយ៉ាងណាគេធ្វើមិនសូវបានល្អឡើយប្រមាណប្រកួចុងក្រោយនេះ។ ចាំមើលនី សុភី អាចសងសឹកឡៅ ចន្ទ្រា បានដែរឬយ៉ាងណា?។
ដោយឡែកកីឡាករស្រករក្រោយលន បញ្ញា ត្រូវជួបជាមួយកីឡាករឡុង ឡា ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ដោយសារលន បញ្ញា ជាកីឡាករជើងថ្មីទើបវាយឡើងរហូតល្បីមកដល់បច្ចប្បន្ន។ ស្នៀតខ្លាំងរបស់គេខ្លាំងទាំងព្រមតែម្តង ក្នុងនោះបើគេទាត់មួយជើងហើយកណ្តាប់ដៃក៍ចេញតាមក្រោយដែរ ហើយស្នៀតកែងបុកកាណូតក៍គ្រោះថ្នាក់ដែរ កីឡាករល្មមៗមិនអាចទប់ជាមួយគេបានប្រាំទឹកនោះទេ ហើយគេមានកម្ពស់ខ្ពស់ទៀត ដែលអាចបោះជង្គង់ខ្លីក៍បានវែងក៍បាន តែយ៉ាងណាលន បញ្ញា គេមិនសូវខ្លាំងខាងកម្លាំងស៊ុហ្វនោះទេ។
រីឯឡុង ឡា ស្នៀតខ្លាំងរបស់គេគឺខ្លាំងទាំងដៃទាំងជើងនិងកែង ដែលបានធ្វើឲ្យកីឡាករឡុង ឡា ផ្តួលដៃគូជាបន្តបន្ទាប់ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើងប្រកួតឈានដល់គូឯក និងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ។ ចាំមើលរវាងឡុង ឡា និងលន បញ្ញា នរណាជាអ្នកឈ្នះទទួលបានប្រាក់លាន៕