ឧកញ៉ាក្លែងក្លាយ សូ សារឹម លក់ដីខ្យល់ត្រូវអាវុធហត្ថចាប់ខ្លួន ជាលើកទី២

0
8436

កំពង់ស្ពឺ ៖ ទីបំផុត! ឈ្មួញគួកជេដីល្បីពេញស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលធ្លាប់ប្រកាសខ្លួនថាជា ឧកញ៉ា ឈ្មោះ សូ សារឹម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាលើកទី២ ពាក់ព័ន្ធករណីលក់ដីខ្យល់។

កម្លាំងកងរាជអាវុធហត្ថខេត្ថកំពង់ស្ពឺ បានឃាត់ខ្លួនលោកឧកញ៉ាត្បាញអាយ សូ សារឹម នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ។

ជនត្រូវចោទឈ្មោះ សូ សារឹម ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ គ្រូពេទ្យ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការចោទប្រកាន់ពីបទ ឆបោក ប្រព្រឹត្តនៅភូមិរំលេច ឃុំព្រះស្រែ និងភូមិស្ដុកក្រល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ ឈ្មោះ ហម សាវុធ ចង់ទិញដីនៅខេត្តកំពង់ស្ពឺ និងបានទំនាក់ទំនងឈ្មោះ គង់ សុខលីន ភេទស្រី អាយុ ៣៧ឆ្នាំ (មានការបង្ហើបថាជាមន្ត្រីក្រុមប្រឹក្សាស្រុកឧដុង្គ)។

នៅពេលនោះឈ្មោះ គង់ សុខលីន បានណែនាំឲ្យឈ្មោះ ហម សាវុធ ស្គាល់ឈ្មោះ សូ សារឹម ដើម្បីទិញដីចំនួន ២ប្លង់ ដែលប្លង់ទី១ ទំហំ ២ហិកតា តម្លៃ ៨.៥ដុល្លារក្នុង ១ម៉ែត្រការ៉េ ស្ថិតនៅភូមិរំលេច ឃុំព្រះស្រែ និងប្លង់ទី២ ទំហំ ៣ហិកតា តម្លៃ ១០.៥ក្នុងមួយម៉ែត្រការ៉េ ស្ថិតនៅភូមិស្ដុកក្រល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះ បានប្រគល់ប្រាក់កក់ចំនួន ៧០,០០០ដុល្លារ (ប្លង់ទី១ ចំនួនន ៤០,០០០ដុល្លារ និងប្លង់ទី២ ចំនួន ៣០,០០០ដុល្លារ) ដោយមានឈ្មោះ គង់ សុខលីន ផ្ដិតមេដៃធ្វើជាសាក្សី។ក្រោយមកដោយសារលោក ឧកញ៉ា សូ សារឹម គ្មានដីប្រគល់ជូនជនរងគ្រោះតាមកិច្ចសន្យាទើប ជនរងគ្រោះដាក់ពាក្យប្ដឹងតែម្ដង។

គួររម្លឹកថា លោក ឧកញ៉ា សូ សារឹម ធ្លាប់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែង នៅខាងមុខភូមិគ្រឹះរបស់លោកស្មៀនឃុំព្រះស្រែ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ តាមដីកា បង្គាប់ឲ្យចូលខ្លួនរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចលក់ដីរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិរំលេច ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប៉ុន្តែលោក ឧកញ៉ា សូ សារឹម ត្រូវបានលោក ពេជ្រ ចិន្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចដោះលែង ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នសិនកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩៕

Facebook Comments
Loading...