ភ្នំពេញ ៖ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់បានចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស ក្នុងកំណើន ២៤.២០% ធៀបនឹងសប្តាហ៍មុន ក្នុងសប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២០នេះ។
ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងកាលពីពេលថ្មីៗកន្លងមកនេះថា ស្ថានភាពទេសចរណ៍ផ្ទៃក្នុងនាសប្តាហ៍ទី១ នៃខែមិថុនា (០១-០៧) មានភ្ញៀវទេសចរផ្ទៃក្នុងដែលបានចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស មានចំនួន ១៥៧,៩៤២ នាក់ កើនឡើង ២៤.២០% ធៀបនឹងសប្តាហ៍មុន។
លោកបញ្ចាក់ថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦ នាក់ កើនឡើង ២៤.០៧% ចំណែកភ្ញៀវបរទេសក្នុងប្រទេសវិញមានចំនួន ៣,៦៥៦ នាក់ កើនឡើង ៣០.៤៣%។ ជាការកត់សម្គាល់ ក្នុងសប្តាហ៍កន្លងមកនេះភ្ញៀវទេសចរផ្ទៃក្នុងបានហក់ឡើងខ្ពស់ជាងសប្តាហ៍មុនៗ ពិ សេសខេត្តតំបន់ឆ្នេរនៅតែជាគោលដៅទេសចរណ៍យ៉ាងសំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជាង ៥០% នៃទេសចរផ្ទៃក្នុងសរុប)។
រីឯខេត្តបាត់ដំបងឃើញថាកើនឡើងជាង ១៣% នៃភ្ញៀវទេសចរផ្ទៃក្នុងសរុប។ ខេត្តសៀមរាបបានបង្ហាញសញ្ញានៃការងើបឡើងខ្លះ បើទោះបីជាចំនួនភ្ញៀវទេសចរនៅមិនទាន់មានចំនួនច្រើនវិញនៅឡើយ ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបានបើកដំណើរការអាជីវកម្មឡើងវិញ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ភ្ញៀវទេសចរជាតិយ៉ាងច្រើនគួរសមបានទៅកម្សាន្តនៅតំបន់អង្គរ ពិសេសជាលក្ខណៈក្រុមគ្រួសារ និងការជិះកង់កម្សាន្តជាក្រុមៗ៕
សប្ដាហ៍ទី១នៃខែមិថុនា ភ្ញៀវក្នុងស្រុកជាង១៥ម៉ឺននាក់ចេញដើរទស្សនាទូទាំងប្រទេស
Facebook Comments
Loading...