កម្មកររោងចក្រស៊ីម៉ងត៍ ភ្ភ្នំល្អាង២នាក់បានស្លាប់ ខណៈឡើងបំផ្ទុះយកថ្មភ្នំ

0
792

ខេត្តកំពត ៖ តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែនដី បានឲ្យដឹងថា កម្មករពីរនាក់ ដែលធ្វើការក្នុងក្រុមហ៊ុនផលិតស៊ីម៉ងត៍ភ្នំល្អាង(រោងចក្រថៃប៊ុនរុង)បានស្លាប់ក្រោមបំណែកថ្មយ៉ាងអាណោចអាធ័ម ខណៈកម្មករជាជនរងគ្រោះទាំងពីរនាក់ បានឡើងទៅបំផ្ទុះយកថ្មលើភ្នំសម្រាប់ផលិតស៊ីម៉ងត៍ក្នុងរោងចក្រ។

ប្រភពដដែលបានបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងនៅនៅវេលាម៉ោង១៦ និង៤០នាទី ល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចភ្នំមួយកន្លែង ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់រួមមាន៖ ទី១-ឈ្មោះ គុណ រ៉ាល់ ហៅតាល់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ,ទី២-ឈ្មោះ ញឹប សារុន ភេទប្រុស អាយុ៣៣ ជនជាតិខ្មែរ ទាំងពីរនាក់ រស់នៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត ដោយជនរងគ្រោះធ្វើការនៅក្រុមហ៊ុនផលិតស៊ីម៉ងត៍ ថៃប៊ុនរុង ដែលមានទីតាំងស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

បច្ចុប្បន្នសាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានកាយរកឃើញនៅក្រោមគំនរថ្ម ហើយបានប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ជាមួយគ្នានេះដែរក៏មានការឧបត្ថម្ភនិង ជ្រោមជ្រែងពីសំណាក់ក្រុមហ៊ុនថៃប៊ុនរុងដោយបានផ្តល់ថវិកាជូនសព ក្នុងម្នាក់ៗ ៣៥,០០០ដុល្លារ សម្រាប់ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព៕

Facebook Comments
Loading...