កណ្តាល ៖ ស្ត្រីម្នាក់ជិះម៉ូតូជាមួយប្តីមិនប្រយ័ត្នធ្វើឲ្យសំពត់ចូលមីញ៉ុង បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមមួយរំពេច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាជាង១២ថ្ងៃត្រង់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចំណុចមុខវត្តវេឡុវន្ត ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ស្ត្រីរងគ្រោះមានឈ្មោះ ស្លេះអំា មីណាស់ អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានជិះម៉ូតូជាមួយប្តីរបស់ខ្លួនធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១ ដោយមិនមានពាក់មួយការពារនោះទេ ក្នុងទិសដៅពីត្បូងមកជើង។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ សំពត់របស់ស្ត្រីត្រូវមីញ៉ុងម៉ូតូស្រូបចូល បណ្តាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗតែម្តង។ប៉ូលិសបានបញ្ជាក់ថា ករណីនេះបង្កឡើងដោយ ការធ្វេសប្រហែសខ្លួនឯងរួមនិងប្តី ប្រពន្ធ ពិសេសពួកគេមិនបានពាក់មួកការពារទាំងពីរនាក់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ រួចបានប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕