ហ្វាវ!នៅអាមេរិកវីរុសកូរ៉ូណាឆ្លងដល់សត្វខ្លាទៀត

0
1172

អាមេរិក ៖ ឈ្មោះNadia ដែលជាសត្វខ្លានៅសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉ក បានក្លាយជាប្រភេទសត្វខ្លាដំបូងគេ ដែលបានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា ដែលគេសង្ស័យថា បានឆ្លងពីបុគ្គលិកសួនសត្វម្នាក់ ដែលមិនទាន់បង្ហាញរោគសញ្ញានៃវីរុសនេះ។

សមាគមអ្នកអភិរក្សសត្វព្រៃនៃសួនសត្វ Bronx បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា សត្វខ្លាញីពូជម៉ាឡេអាយុ ៤​ឆ្នាំត្រូវបានធ្វើតេស្ដវិជ្ជមាន បន្ទាប់ពីមានអាការៈក្អកស្ងួត ហើយគេនឹងរំពឹងទុកថា វានឹងជាសះស្បើយឡើងវិញ។

នាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិក (USDA) បានឲ្យដឹងថា សំណាករបស់ Nadia ត្រូវបានគេយកទៅធ្វើតេស្ត បន្ទាប់ពីសត្វខ្លានិងសត្វតោប្រាំក្បាលទៀត​ នៅសួនសត្វ បានចាប់ផ្ដើមបង្ហាញរោគសញ្ញានៃជំងឺផ្លូវដង្ហើម។ ទោះជាយ៉ាងណា មិនមានសត្វដទៃទៀត ក្នុងសួនសត្វ កំពុងបង្ហាញរោគសញ្ញានោះទេ។

យោងតាមសម្ដីរបស់អ្នកធ្វើការនៅក្នុងសួនសត្វបានឲ្យដឹងថា សត្វទាំងនេះត្រូវបានឆ្លង ពីបុគ្គលិកសួនសត្វម្នាក់ ដែលមិនទាន់បង្ហាញរោគសញ្ញានៃវីរុសនេះ ខណៈពេលកំពុងថែរក្សាសត្វទាំងនេះ។ សួនសត្វ Bronx ត្រូវបានបិទជាសាធារណៈ តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ។

នាយកដ្ឋានកសិកម្មបាននិយាយថា អ្នកណាម្នាក់ឈឺដោយសារវីរុសកូរ៉ូណានេះ ត្រូវបានណែនាំឲ្យកាត់បន្ថយ ការទាក់ទងជាមួយសត្វទាំងឡាយ រួមទាំងសត្វចិញ្ចឹម រហូតដល់មានព័ត៌មានបន្ថែម អំពីវីរុសមួយនេះ៕

Facebook Comments
Loading...