ត្រីឆ្លាមដ៏ធំមួយក្បាល បានរុំជាប់ខ្សែពួរយ៉ាងក្រាស់ត្រូវបានគេជួយសង្គ្រោះក្នុងជម្រៅទឹកប្រមាណជា១៤ម៉ែត្រ

0
1155

ម៉ាល់ឌីវ ៖ ក្រុមអ្នកមុជទឹក scuba មួយក្រុមបានជួយសង្គ្រោះត្រីឆ្លាមដ៏ធំមួយក្បាល ដែលរុំជាប់ខ្សែពួរយ៉ាងក្រាស់ក្នុងដែនទឹក Fuvahmulah នៃកោះម៉ាល់ឌីវ បានដោយជោគជ័យ បន្ទាប់ពីប្រើពេលអស់ប្រមាណជា១០នាទី ក្នុងជម្រៅទឹកប្រមាណជា១៤ម៉ែត្រ។

លោក Simone Musumeci និងលោក Antonio Di Franca គឺជាអ្នកគ្រប់គ្រងភ្នាក់ងារទេសចរណ៍មុជទឹក បាននាំក្រុមមុជទឹកមួយក្រុមចុះទៅដែនទឹកខាងលើ ហើយបានប្រទះឃើញត្រីឆ្លាមដ៏ធំមួយក្បាល មានប្រវែងជិត ៤ ម៉ែត្រ ដែលមានខ្សែពួរក្រាស់ពណ៌ស្លែ កំពុងរុំជាប់ក្បាលជាមួយនឹងព្រុយ។

ភ្លាមៗនោះ ក្រុមសង្គ្រោះខាងលើ បានចុះចូលទៅកាត់ខ្សែនោះចេញ ដោយប្រើកូនកាំបិត។ ទោះជាយ៉ាងណាក៏ដោយ ការសង្គ្រោះមួយនេះ មិនងាយស្រួលនោះទេ ដែលខណៈពេលពួកគេកំពុងព្យាយាមកាត់ខ្សែ ត្រីឆ្លាមព្យាយាមហែលទៅមុខរហូតដល់ជម្រៅជាង ១៤ ម៉ែត្រឯណោះ។

ទីបំផុត ក្រោយចំណាយពេលជាង ១០នាទីដើម្បីកាត់ខ្សែចេញដោយជោគជ័យ ភ្លាមៗនោះដែរ ត្រីឆ្លាមហាក់នៅសំងំមួយសន្ទុះដោយពុំធ្វើចលនា តែក្រោយមកវាបានហែលចូលជ្រៅទៅក្នុងសមុទ្របន្តិចម្ដងៗ។ តែរឿងនឹកស្មានមិនដល់ ត្រីឆ្លាមក៏បានបង្ហាញខ្លួនជាថ្មីម្ដងទៀតក្បែរពួកគេ ហាក់ដូចជាចង់អរគុណអីចឹង៕

 

Facebook Comments
Loading...