បាងកក ៖ កម្ពុជា មានខ្សែភាពយន្តខ្នាតធំចំនួន០៤ របស់ក្រុមការងារលោកស្រី អេនជេលីណាចូលី(Angelina Jolie) ដែលត្រូវបានលើកយកមកពិភាក្សា និងបញ្ចាំង ក្នុងកម្មវិធីវេទិកាខ្សែភាពយន្ត នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងបំណងផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍នៃតំបន់ទន្លេមេគង្គ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ មានឈ្មោះថា The 2nd Asia Destination Film Forum & The 2nd Mekong Mini Movie Festival (Inspiration Via visual Storytelling) ។
ក្រសួងទេសចរបានឲ្យដឹងថា វេទិកានេះរៀបចំឡើងដោយ Mekong Tourism Coordinating office (MTCO) រួមសហការជាមួយ Pacific Asia Travel Association (PATA) និង Travel Massive (Bangkok) ដោយមានការចូលរួមជាមួយវាគ្មិនកិត្តិយសផ្នែករដ្ឋ និងឯកជនប្រកបធុរកិច្ចទេសចរណ៍មកពីប្រទេសអាស៊ី សរុបប្រមាណ១៥០នាក់។
តំបន់អាស៊ី និងមេគង្គ គឺជាតំបន់មួយដែលមានការអភិវឌ្ឍលឿនបំផុតនៅលើពិភពលោកក្នុងវិស័យទេសចរណ៍ ការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងផលិតកម្មខ្សែភាពយន្តផងដែរ។ កម្មវិធីនេះបានផ្តល់ឱកាសឱ្យអ្នកដំណើរផ្លាស់ប្តូរបទពិសោធន៍ និងភាពពិតរបស់ពួកគេតាមរយៈខ្សែភាពយន្ត។
ដោយឡែកចំពោះកម្ពុជា មានខ្សែភាពយន្តខ្នាតធំចំនួន០៤ របស់ក្រុមការងារលោកស្រី អេនជេលីណាចូលី(Angelina Jolie) ដែលត្រូវបានលើកយកមកពិភាក្សា និងបញ្ចាំង ទី១៖ ខ្សែភាពយន្តរឿង Killing Field ទី២៖ ខ្សែភាពយន្តរឿង Tomb Rider ផលិតនៅឆ្នាំ២០០១ នៅខេត្តសៀមរាប ទី៣៖ ខ្សែភាពយន្តរឿង “ពួកគេបានសម្លាប់ឪពុករបស់ខ្ញុំ” (First They Killed My Father )នៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៦ និងទី៤៖ ខ្សែភាពយន្តរឿង The last real។
ពេលខ្លះបញ្ហាដែលកើតឡើងនៅក្នុងតំបន់ណាមួយ (ឧបទ្ទវហេតុ ឫកក្តាចៃដន្យណាមួយ) វាបានបង្តើតឡើងជាឱកាសក្នុងការធ្វើ Marketing ដែលឆ្លុះបញ្ចាំងពីគោលដៅទេសចរណ៍នៅក្នុងតំបន់នោះ តួយ៉ាងដូចជាករណីនៅប្រទេសថៃ ដែលមានមនុស្សចំនួន១២នាក់ជាប់នៅរូងភ្នំគេបានបង្កើតខ្សែភាពយន្តរឿងដែលរៀបរាប់អំពីគោលដៅនៃភ្នំនោះផងដែរ។
ខ្សែភាពយន្តបានមិនត្រឹមតែបានរកចំណូលរាប់រយលានដុល្លារអាមេរិកប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញនូវគោលដៅ និងផលិតផលទេសចរណ៍ ក៏ដូចជាបែបបទនៃការរស់នៅ និងបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់នោះ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើនថែមទៀត៕