តើ ធន់ ចាន់តាក់ ឬរិទ្ធអៃយ៉ារ៉ា ជាអ្នកគ្រងខ្សែក្រវាត់អមទឹកប្រាក់៦ពាន់ដុល្លា

0
1174

ភ្នំពេញ ៖ ម្ចាស់ជើងឯកក្រុមទី១ប្រភេទទម្ងន់៦៣.៥ គីឡូក្រាមកម្មវិធីកម្ពុជាសង្វៀនកីឡាករគុនខ្មែរ ធន់ ចាន់តាក់ អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជារតិ នឹងត្រូវប៉ះម្ចាស់ជើងឯកក្រុមទី២កីឡាករថៃ រិទ្ធអៃយ៉ារ៉ា ដើម្បីដណ្តើមខ្សែក្រវាត់អមទឹកប្រាក់៦ពាន់ដុល្លា នាថ្ងៃសៅរ៍ទី០១ ខែគុម្ភៈ ឆ្នាំ២០២០ នេះនាសង្វៀនCBS។

កីឡាករធន់ ចាន់តាក់ កូនសិស្សរបស់លោក ធន់ សុភា បានរៀបរាប់ថា ការហ្វឹកហាត់បានយកចិត្តទុក​ដាក់ដើម្បីត្រៀមអោយបានល្អ ទាំងកម្លាំងនិងបច្ចេកទេសបន្ថែមមុនការប្រកួតមកដល់ ដែលស្នៀតប្រកួតនាថ្ងៃខាងមុខនោះ មិនអាចនិយាយមុនបានទេ ពេ​ល​ប្រកួតជាក់ស្តែងមកដល់ទើបដឹងថា វាយស្នៀតណាដើម្បីមានព្រៀបលើគូប្រកួត ដូចនេះរូបគេជឿជាក់ថានឹងអាចយកខ្សែក្រវាត់មកកាន់ក្លិបក្រសួងការពារជាតិបាន។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ធន់ ចាន់តាក់ បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ធន់ ចាន់តាក់ មួយ​រយៈ​ចុងក្រោយនេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ ចំណែកកីឡាករថៃរិទ្ធអៃយ៉ារ៉ា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ដែលធ្លាប់បានយកឈ្នះលើគីឡាករកម្ពុជាជាច្រើនអ្នក ក្នុងការប្រកួតវគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រក្រុមទី២នៃការប្រកួតឆ្ពោះមកដណ្តើមខ្សែក្រវាត់នេះ។

គួររំលឹកផងដែរថា ធន់ ចាន់តាក់ ជាម្ចាស់ជើងឯកក្នុងក្រុមទី១ដែលមានកីឡាករគុនខ្មែរ៤និងថៃ៤រូប ខណៈរូបគេបានឈ្នះកីឡាករថៃ ភិតណងប៊ី ដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រ ចំ​ណែកដៃគូរបស់គេកីឡាករថៃ រិទ្ធអៃយ៉ារ៉ា ដែលជាម្ចាស់ជើងឯកក្នុងក្រុមទី២ បានយកឈ្នះពិន្ទុកីឡាករគុនខ្មែរ សេក គឹមរួច។ សូមបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់នេះអ្នកឈ្នះនឹងទទួលបានទឹកប្រាក់ចំនួន៦០០០ ពាន់ដុល្លារ។ ចាំមើលកីឡាករកម្ពុជា ធន់ ចាន់តាក់ ឬកីឡាករថៃរិទ្ធអៃយ៉ារ៉ា ជាអ្នកឈ្នះទទួលបានខ្សែក្រវាត់នេះ៕

Facebook Comments
Loading...