ភ្នំពេញ ៖ កីឡាករជើងធឿន ធារ៉ា អ្នកប្រដាល់នៃក្លិបក្រសួងកសិកម្ម ដឹកដៃកីឡាករសុខ សាវិន អ្នកប្រដាល់របស់ក្លិបប៉ែនកាក់គុនខ្មែរ ឡើងដណ្តើមប្រាក់លានជាមួយកីឡាករថៃកងមឿងឆាង និងកីឡាករលីងលំ ប៉.យុទ្ធភូមិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៤ ខែមករា ឆ្នាំ២០២០នេះ។
កីឡាករធឿន ធារ៉ា ជួបជាមួយកីឡាករថៃកងមឿងឆាង នេះក្នុងប្រភទទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែជាច្រើនលើកមកហើយមានឈ្នះ មានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ដែលកាលពីសប្តាហ៍មុនបានប្រកួតចាញ់កីឡាករឡៅ ចន្ទ្រា ដោយពិន្ទុ ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊។
ចំណែកកីឡាករធឿន ធារ៉ា បន្ទាប់ពីគេមានឈ្មោះល្បីនៅស្រុកថៃ បច្ចប្បន្នគេប្រកួតតែនៅក្នុងប្រទេស លែងឃើញចេញចូលទៅប្រកួតនៅប្រទេសថៃដូចមុនទៀតឡើយ។ ធឿន ធារ៉ា កាលពីនៅល្បីស្នៀតខ្លាំងរបស់គេ កែង កណ្តាប់ដៃ និងជើងទាត់កាត់ ហើយគេមានកម្ពស់ខ្ពស់ជាអំណោយផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង។ ចាំមើរវាងធើន ធារ៉ា និងកងមឿងឆាង នរណាជាអ្នកឈ្នះទទួលបានប្រាក់លាន?។
ដោយឡែកីឡាករសុខ សាវិន ជួបកីឡាករថៃលីងលំ ប៉.យុទ្ធភូមិ នេះក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ តែយ៉ាងណាកីឡាករថៃរូបនេះធ្លាប់មកប្រកួតនៅតាមសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហ៊។
ចំណែកសុខ សាវិន បច្ចប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ ស្នៀតខ្លាំងរបស់គេគឺជង្គង់ និងកែង ដែលអាចប្រើប្រយោលក៍បានចូលកៀកក៍បាន ហើយមានភាពប៉ិនប្រសព្វក្នុងការប្រើបានល្អទៀតផង។ ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រដាល់លើកឡើងថា សុខ សាវិន មានភាគរយខ្ពស់បំផុត ក្នុងការយកឈ្នះថៃរូបនេះ ព្រោះគេកំពុងឡើងកូដខ្លាំង។ ចាំមើលរវាងសុខ សាវិន និងកីឡាករថៃលីងលំ ប៉.យុទ្ធភូមិ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាននេះ?៕