ភ្ញៀវទេសចរណ៍អាចកើនឡើងប្រមាណដល់៥០ម៉ឺននាក់នាឱកាសបុណ្យសមុទ្រ២០១៩នៅខេត្តកំពត

0
808

ភ្នំពេញ ៖ តាមការប៉ាន់ស្មានប្រមាណជា៥០ម៉ឺននាក់ ខណៈដែលឆ្នាំមុនមានប្រមាណ៣៥ម៉ឺននាក់ ព្រោះផ្អែកលើការអភិវឌ្ឍន៍ រីកចម្រើនទូទាំងប្រទេស កើតចេញពីកត្តាស្ថេរភាពនយោបាយ សុខសន្តិភាព និងការរៀបចំបានល្អរបស់មន្ត្រីជំនាញ និងរដ្ឋបាលខេត្ត រួមនិងប្រជាពលរដ្ឋផងនោះ នៅក្នុងបុណ្យសមុទ្រឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍រំពឹងថាភ្ញៀវទេសចរណ៍នឹងកើនឡើង។ ការត្រៀមរៀបចំបុណ្យសមុទ្រគិតមកដល់ដើមខែវិច្ឆិការនេះ បានរួចរាល់ ៩៥ភាគរយហើយ គឺនៅសល់តែការងារសំរិតសំរាំងបន្ថែមមួយចំនួនទៀតតែប៉ុណ្ណោះ ហើយបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកបណ្ឌិតថោង ខុនបានលើកឡើងថា ការរៀបចំបុណ្យសមុទ្រនៅខេត្តកំពតក្នុងឆ្នាំ២០១៩នេះនឹងមានលក្ខណៈល្អប្រសើរ ការរៀបចំក្រុងបានស្អាត ពិសេសពេលរាត្រី ហើយបើផ្អែកលើបទពិសោធកន្លងមក ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងអាចមានភ្ញៀវទេសចរកើនឡើងជាងឆ្នាំមុន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលខេត្តកំពតទទួលធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការត្រៀមរៀបចំពិធីបុណ្យសមុទ្របានរួចរាល់ចប់សព្វគ្រប់អស់ហើយគិតមត្រឹមពេលនេះ គឺនៅសល់តែការសំរិតសំរាំងបន្ថែមឲ្យកាន់តែល្អប៉ុណ្ណោះ មិនមានបញ្ហាអ្វីគួរឲ្យព្រួយប្រារម្ភទេ។ ចំណែកបញ្ហាផ្លូវធ្វើដំណើរមកកាន់ខេត្តកំពតដែលមានលក្ខណៈហុយ និងរលះមិនទាន់ស្រួយនៅឡើយ លោករដ្ឋមន្ត្រីលើកឡើង​ថា លោកបានពិភាក្សាជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនរួចហើយ  ហើយលោក ស៊ុន ចាន់ថុល ថានឹងជួយជំរុញ និងពន្លឿនធ្វើយ៉ាងណាឲ្យផ្លូវប្រសើរឡើងច្រើន នៅមុនថ្ងៃបុណ្យសមុទ្រមកដល់។

ក្នុងនោះផងដែរលោករដ្ដមន្ត្រីបានកោតសរសើរដល់រដ្ឋបាលខេត្ត ប្រជាពលរដ្ឋ មន្ទីរជំនាញ និងជាពិសេសអនុគណៈកម្មការ ទាំង៦ដែលបានចូលរួមសហការខិតខំប្រឹងប្រែង រៀបចំការងារត្រៀមបុណ្យសមុទ្រលើកទី៨ ជុំទី២ នេះឲ្យមានភាពទាក់ទាញ និងទាន់ពេលវេលា។

លោករដ្ឋមន្ត្រីបានបញ្ចាក់ថា ក្រៅពីកម្មវិធីធ្លាប់មានដូចនៅក្នុងបុណ្យសមុទ្រនាពេលសព្វមួយដង សម្រាប់ជុំទី២នៅខេត្តកំពតនេះ និងមានកម្មវិធីថ្មីៗ បញ្ចូលច្រើនថែមទៀតដែរ ដូចជាវិថីម្ហូបអាហារ អមដោយការប្រគុំក្រុមតន្ត្រីរាំលែងកម្សាន្ត ក្នុងគោលបំណងដើម្បីជួយជំរុញដល់សក្ដានុពល ម្ហូបអាហារខ្មែរ ឬផលិតផលក្នុងស្រុក ឲ្យបានខ្លាំងខ្លា ការរៀបចំអាហារដ្ឋានលើទឹកតាមបណ្តោយដងព្រែក និងសមិទ្ធិផលកីឡាថ្មីៗ តំបន់មណ្ឌលកម្សាន្តថ្មីប្លែកៗជាច្រើនទៀត ដែលនឹងដាក់ផ្សាយតាមស្ព័តរបស់ក្រសួងក្រសួងទេសចរណ៍។ ជាងនេះទៅទៀត អ្វីដែលថ្មីមួយទៀតគឺទូរថភ្លើងលំដាប់អន្តរជាតិ សម្រាប់ដឹងជញ្ជូនអ្នកដំណើរពីក្រុងព្រះសីហនុ មកកំពត។

លោករដ្ឋមមន្ត្រីបានបន្ថែមថា ផ្អែកលើការអភិវឌ្ឍន៍ រីកចម្រើនទូទាំងប្រទេស កើតចេញពីកត្តាស្ថេរភាពនយោបាយ សុខសន្តិភាព និងការរៀបចំបានល្អរបស់មន្ត្រីជំនាញ និងរដ្ឋបាលខេត្ត រួមនិងប្រជាពលរដ្ឋផងនោះ នៅក្នុងបុណ្យសមុទ្រឆ្នាំ២០១៩នេះ លោក រំពឹងថាភ្ញៀវទេសចរណ៍នឹងកើនឡើង។ តាមការប៉ាន់ស្មានប្រមាណជា៥០ម៉ឺននាក់ ខណៈដែលឆ្នាំមុនមានប្រមាណ៣៥ម៉ឺននាក់។

យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ការរៀបចំសេវាហូបចុកមិនខ្វះទេ ប៉ុន្តែសេវាស្នាក់នៅអាចនឹងមានបញ្ហា ព្រោះសេវាស្នាក់នៅរបស់ខេត្តនៅមានកម្រិត។ ប៉ុន្តែជុំវិញបញ្ហានេះ រដ្ឋបាលខេត្តបានចុះទៅជួបជាមួយនិងប្រជាពលរដ្ឋ ដ៏ដូចជាជំរុញដល់មន្ត្រីរាជការដែលមានផ្ទះធំទូលាយ សូមជួយរៀបចំដើម្បីទុកជួលឲ្យភ្ញៀវស្នាក់ផងដែរ ព្រោះបច្ចុប្បន្នវិស័យទេសចរណ៍គឺជាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ជាងនេះទៅទៀតលោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមកចូលរួមទស្សនា កម្សាន្តសប្បាយ ក្នុងពិធីបុណ្យសមុទ្រឲ្យបានច្រើនកោះករ ជាពិសេសត្រូវជួយចូលរួមថែរក្សា និងសំអាតអនាម័យ បរិស្ថានឲ្យបានល្អស្អាត ចេះវេចខ្ចប់កាកសំណល់ជាដើម ចំណែកអ្នកផ្តល់សេវាទេសចរ ត្រូវបង្កើនគុណភាពសេវារបស់ខ្លួន ពិសេសតម្លៃត្រូវរក្សានូវដដែលឬថ្លៃជាងបន្តិចបន្តួច ដើម្បីបង្ហាញថា យើងចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជា ដើម្បីខេត្តកំពតមានការរីកចម្រើនល្បីល្បាញផងដែរ៕

Facebook Comments
Loading...