អនុសាសន៍ណែនាំសំខាន់ៗ០៨ចំនុចត្រូវបានសម្តេចក្រឡាហោម ស ខេង ផ្តល់ក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍លើកទី១

0
860

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ ០៨ចំនុច ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយឲពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារហ្គាដិនស៊ីធី។

អនុសាសន៍ណែនាំសំខាន់ៗ ទាំង០៨ចំនុចនេះមានខ្លឹមសារថា ទី១៖ ក្នុងក្របខណ្ឌនៃក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេស​ចរណ៍ ក្រសួងទេសចរណ៍គប្បីសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើការកំណត់តំបន់អេកូទេសចរណ៍អាទិភាព រួមមានតំបន់ភូមិភាគឥសាន្ត តំបន់បឹងទន្លេសាប និងទន្លេមេគង្គ តំបន់ឆ្នេរសមុទ្រ តំបន់ជួរភ្នំក្រវ៉ាញ តំបន់ជួរភ្នំដងរែក រួមជាមួយតំបន់អភិរក្សនានា ដែលត្រូវធានាកិច្ចការពារធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងសហគមន៍នៅទីនោះ ក្រោមទស្សនទាន “ការអភិវឌ្ឍបម្រើការអភិរក្ស ការអភិរក្សទ្រទ្រង់ការអភិវឌ្ឍ”។

ទី២៖ ខណៈដែលសហគមន៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរហូតដល់ជាង ២.៣០០ កន្លែង ប៉ុន្តែសហគមន៍ដែលមានសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ មានចំនួនតែប្រមាណ ១២៥ កន្លែងប៉ុណ្ណោះ។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រ និងស្នើឲ្យមានការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ដែលមានសក្តានុពល ក៏ដូចជាពង្រឹងសមត្ថភាពសហគមន៍ដែលមានស្រាប់ តាមរយៈការបង្កលក្ខណៈងាយស្រួលក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទាំងនោះ ដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈអភិបាលរាជធានី-ខេត្ត ត្រូវជួយសហគមន៍ទាំងនោះទៅតាមជំនាញ និងសមត្ថកិច្ចរៀងៗខ្លួន។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ ក្នុងនាមជាប្រធានក្រុមការងារអន្តរក្រសួង គប្បីធ្វើការទទួលស្គាល់តាមផ្លូវច្បាប់ចំពោះសហគមន៍ដែលមានសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ និងត្រូវធានាការបែងចែកប្រកបដោយសមធម៌រវាងសហគមន៍ និងដៃគូពាក់ព័ន្ធនានា (Equitable Sharing Model)។

ទី៣៖ លើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទ្រទ្រង់ ខ្ញុំសូមស្នើឲ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈអភិបាលរាជធានី-ខេត្ត ពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវភ្ជាប់ទៅគោលដៅសហគមន៍ទេសចរណ៍អាទិភាព។ ខ្ញុំក៏សូមស្នើឲ្យក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការសិក្សាលម្អិតអំពីលទ្ធភាពក្នុងការផ្គត់ផ្គង់អគ្គិសនីក្នុងតម្លៃទាបជាងទីផ្សារសម្រាប់ការប្រើប្រាស់ក្នុងសហគមន៍។ ទន្ទឹមនឹងនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបន្តជួយដល់សហគមន៍តាមតម្រូវការជាក់ស្តែង ដូចជាការផ្គត់ផ្គង់ទឹកស្អាត ការតភ្ជាប់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ីនធើណេត ការគ្រប់គ្រងសំរាម ការដោះមីន និងគ្រាប់មិនទាន់ផ្ទះ ការព្យាបាលជំងឺគ្រុនចាញ់ និងបញ្ហាផ្សេងៗ របស់សហគមន៍។

ទី៤៖ ដើម្បីជំរុញការចូលរួមរបស់គ្រប់ភាគីពាកព័ន្ធទាំងអស់ក្នុងការសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ខ្ញុំសូមគាំទ្រឲ្យមានការរៀបចំវេទិកាជាតិលើកទី២នៅឆ្នាំ២០២០ និងជារៀងរាល់ឆ្នាំ និងគាំទ្រឲ្យស្នើសុំរាជរដ្ឋាភិបាលរៀបចំទិវាជាតិអេកូទេសចរណ៍ប្រចាំឆ្នាំ ដោយកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ជាថ្ងៃដែលរាជរដ្ឋាភិបាលអនុម័តដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍។ ជាមួយគ្នានេះ ខ្ញុំសូមលើកទឹកចិត្តឲ្យក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រៀបចំជាព្រឹត្តិការណ៍អេកូទេសចរណ៍នានា ដូចជា ពិធីបុណ្យអេកូទេសចរណ៍ ពិធីបុណ្យផ្សោត ពិធីបុណ្យកោងកាង និងពិធីបុណ្យភ្នំ ជាដើម។

ទី៥៖ ដើម្បីជំរុញការផ្សព្វផ្សាយសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ឲ្យបានទូលំទូលាយ ខ្ញុំសូមជំរុញលើកទឹកចិត្តស្នើឲ្យវិស័យឯកជន ជាពិសេសទីភ្នាក់ងារទេសចរណ៍ទាំងអស់រៀបចំខ្សែទស្សនកិច្ច និងនាំភ្ញៀវទេសចរឲ្យបានច្រើនទៅកាន់សហគមន៍ទេស​ចរណ៍ទាំងអស់នៅទូទាំងប្រទេស ហើយការរៀបចំកញ្ចប់ទស្សនកិច្ចទាំងនេះត្រូវតែឆ្លងកាត់សហគមន៍។ ជាមួយគ្នានេះ ខ្ញុំគាំទ្រឲ្យមានការរៀបចំកម្មវិធីប្រឡងប្រណាំងជាលក្ខណៈមហាជនអំពីសហគមន៍ ជាពិសេសការប្រកួតប្រជែងរូបថត វីដេអូ និងការប្រកួតប្រជែងនានាស្តីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីបំផុសគំនិតស្រលាញ់ជាតិ មាតុភូមិយើងក្រោមពន្លឺនៃសន្តិភាព។ ក្នុងន័យនេះ ខ្ញុំសូមអបអរសាទរដល់ជ័យលាភីប្រឡងប្រណាំងវីដេអូអំពីសហគមន៍ ក្រោមប្រធានបទ “កំណប់សហគមន៍ ជំរំទេស​ចរណ៍” រដូវកាលទី២ ដែលនឹងមានការចែកជូនជ័យលាភីនាពេលបន្តិចទៀតនេះ។

ទី៦៖ ខណៈដែលការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ខ្ញុំសូ មគាំទ្រ នូវការដាក់ចេញនូវគំរូនៃកិច្ចសហការ “ភាពជាដៃគូរវាង រដ្ឋ-ឯកជន-ប្រជាជន (Public-Private-People-Partnership) ឫហៅកាត់ថាគម្រូ 4Ps” និងត្រូវជំរុញការអភិវឌ្ឍសហគមន៍ដោយផ្អែកលើគំរូទាំង២ដូចដែលមានកំណត់ក្នុងគោលនយោបាយជាតិអេកូទេសចរណ៍ គឺ “គម្រូខ្នាតតូច” (Small-Scale Model) ដោយផ្អែកលើសហគមន៍មូលដ្ឋាន និង “គម្រូខ្នាតធំ” (Large-Scale Model) ដោយផ្អែកលើវិនិយោគឯកជន។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ត្រូវបញ្ចូលទស្សនទានបៃតងក្នុងគម្រូនៃការអភិវឌ្ឍសកម្មភាពអាជីវកម្មក្នុងសហគមន៍ ជាពិសេសការរៀបចំឲ្យមានជារង្វាន់បៃតង (Eco-Certification) និងស្តង់ដាបៃតងនានាជាដើម។

ទី៧៖ ដូចដែលយើងបានដឹងហើយថា ការអភិវឌ្ឍសកម្មភាពអាជីវកម្មក្នុងការផ្តល់សេវាជូនភ្ញៀវទេសចរពិតជាមានសារៈសំខាន់សម្រាប់សហគមន៍។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យស្ថាប័នហិរញ្ញវត្ថុ ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើការពិនិត្យនូវលក្ខខណ្ឌសមរម្យណាមួយ ក្នុងការផ្តល់ឥណទានទៅឲ្យសហគមន៍ ដើម្បីឲ្យពួកគាត់មានលទ្ធភាពក្នុងការពង្រីកនូវសកម្មភាពអាជីវកម្ម និងសេវាកម្មរបស់ខ្លួន។

ទី៨៖ ចំពោះបញ្ហាសន្តិសុខ-សុវត្ថិភាព ខ្ញុំសូមស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈអភិ​បាលរាជធានី-ខេត្ត ត្រូវបន្តជួយដល់គ្រប់សហគមន៍ទាំងអស់ក្នុងការដាក់ស្លាកសញ្ញាឲ្យបានគ្រប់គ្រាន់ ទាំងស្លាកបង្ហាញព័ត៌មាន (Communication) និងស្លាកសញ្ញាបង្ហាញទីតាំងនានា (Information) ជាពិសេសស្លាកសញ្ញាបង្ហាញទីតាំងហាមឃាត់ និងតំបន់គ្រោះថ្នាក់ជាដើម ឲ្យសមស្របទៅតាម ស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន រួមជាមួយស្តង់ដាទេសចរណ៍ផ្សងព្រេងរបស់ក្រសួងទេសចរណ៍ ហើយជាមួយនេះសហគមន៍ ត្រូវសហការឲ្យបានជិតស្និតជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់ធ្វើការគ្រប់គ្រងលំហូរភ្ញៀវទេសចរ (Tourism Management Flow) ឲ្យបានច្បាស់លាស់៕

Facebook Comments
Loading...