ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយ៣រូបមានឡៅ ចិត្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង និងកីឡាករតាញ់ មករា អ្នកប្រដាល់របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិកៀកស្មារគ្នាឡើងតតាំងជាមួយកីឡាករថៃវិតថៈយ៉ាយុទ្ធ កីឡាករភិតសាយឈុន និងកីឡាករអ៊ីរ៉ង់ALI នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៩ ខែតុលា ឆ្នាំ២០១៩នេះ។
កីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចិត្រា ឡើងតតាំងជាមួយកីឡាករថៃវិតថៈយ៉ាយុទ្ធ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាកន្លងមកនៅសង្វៀននេះ តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះ មានចាញ់ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយដៃគូដួលទាំងជំហរ។
ចំណែកឡៅ ចិត្រា វិញបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកែងនិងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ឡៅ ចិត្រា មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាឡៅ ចិត្រា ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ។ តែយ៉ាងណាក្នុងការជួបប្រកួតជាមួយកីឡាករថៃវិតថៈយ៉ាយុទ្ធ នេះត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឡៅ ចិត្រា មានភាគរយឈ្នះត្រឹមហាសិបភាគរយប៉ុណ្ណោះ ព្រោះកីឡាករថៃវិតថៈយ៉ាយុទ្ធ គេជាកីឡាករជើងខ្លាំងដែលធ្លាប់ឈ្នះកីឡាករកម្ពុជាច្រើននាក់មកហើយ។ ចាំមើលឡៅ ចិត្រា ជាអ្នកឈ្នះឬកីឡាករថៃវិតថៈយ៉ាយុទ្ធ?។
រីឯកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករថៃភិតសាយឈុន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃភិតសាយឈុន គេធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយដៃគូដួលទាំងជំហរ។ កីឡាករឈុត សេរីវ៉ាន់ថង គេជាកីឡាករជើងថ្មីមែនតែគេចេះក្បាច់គ្រប់ស្នៀត ទាំងស្នៀតកណ្តាប់ដៃ កែង ជើងទាត់ និងជង្គង់ គេអាចប្រើបានទាំងអស់ ហើយខ្លាំងទៀតផង។ ចាំមើលរវាងកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង និងកីឡាករថៃភិតសាយឈុន?។
ដោយឡែកកីឡាករស្រករក្រោយតាញ់ មករា គេនឹងត្រូវជួបប្រកួតជាមួយ កីឡាករអ៊ីរ៉ង់ALIក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ តាញ់ មករា គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។
តាញ់ មករា ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃ និងកម្លាំងជើងទាត់ខ្លាំង តែមិនសូវសំបូរច្ចេកទេសនិងល្បិចកលប្រកួតប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេវ៉ៃអាងតែលើកម្លាំងបាយតែប៉ុណ្ណោះ តែមួយរយះមកគេវាយចេញដោយកណ្តាប់ដៃដាល់ត្រូវចំគោលដៅបានច្រើន មួយៗតែធ្ងន់ចំណែក ឯការពាររបស់គេ ក៏បានល្អនិងរឹងមាំផងដែរ។ ចាំមើលរវាងតាញ់ មករា ជាអ្នកឈ្នះឫកីឡាករអ៊ីរ៉ង់ALI?៕