ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងមន្ត្រីថ្នាក់ខណ្ឌនិងសង្កាត់ជាច្រើននាក់ទៀតបានចុះជួបសំណេះសំណាល ជាមួយកីឡាករអុំទូកទាំង៤ នៅក្នុងពិធីអុំសាកល្បង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅមាត់ទន្លេក្នុងភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានទូកចំនួន៤បានស្រែកប្តេជ្ញាចិត្តដណ្តើមយកជ័យជំនះ ក្នុងពិធីប្រណាំងទូក រយ:ពេល៣ថ្ងៃឲ្យបាន នៅមុខព្រះបរមរាជវាំង។
ក្រុមកីឡាករអុំទូក ច័ន្ទវង្សាមហាសែនតេជៈ ទូកព្រះទីងនាំងអធិរាជម្កុដពេជ្រសែនជ័យ ទូកព្រះទីងនាំងព្រះខ័ណពេជ្រសែនជ័យ ព្រមទាំងចំណុះទូកជ័យសំរោងតេជៈ សម្រែកប្តេជ្ញាចិត្ត របស់ក្រុមកីឡាករ ចំណុះទូកទាំងអស់ស្រែកឡើងព្រមគ្នា ដែលបានប្តេជ្ញាចិត្តដណ្តើមយកជ័យជំនះ ក្នុងពិធីប្រណាំងទូក រយ:ពេល៣ថ្ងៃឲ្យបាន នៅមុខព្រះបរមរាជវាំង ដើម្បីកិត្តិយសខ្លួនឯងផង វត្តផង និងដើម្បីមុខ មាត់កិត្តិយស របស់សាលាខណ្ឌព្រែកព្នៅផងដែរ។
ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់ជាស្បៀងអាហារ ដល់កីឡាករចំណុះទូកទាំង៤ នេះ និងដើម្បីលើកទឹកចិត្ត ដល់កីឡាករទូក ដែលកំពុងហ្វឹកហាត់ ត្រៀមប្រកួត នៅក្នុងព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នាថ្ងៃទី១០-១១-១២ ខែវិច្ឆិកានេះ សាលាខណ្ឌព្រែកព្នៅបាននាំថវិកាយកទៅចែកជូន ក្នុង១ទូក១លានរៀល ទឹកសុទ្ធ១០កេស ទឹកក្រូច៥កេសនិងមី១០កេស។លោកស៊ូ ស៊ីវុត្ថា ឧបត្ថមទូកទាំង៤ចំនួន២លានរៀល លោកយិន អ៊ីម ចៅសង្កាត់សំរោងឧបត្ថម២លានរៀល មី៤កេសធំ និងសប្បុរសជនជាច្រើនទៀតផងដែរ សរុបទូកច័ន្ទវង្សាមហាសែនតេជៈ ដែលឈ្នះលេខ១ទទួលបានថវិកាចំនួន៤លាន៧៧ម៉ឺនរៀល ចំណែកទូក៣ផ្សេងទៀតទទួលបានថវិការស្មើរគ្នាក្នុង១ទូកទទួលបាន២លាន៧សែន៧ម៉ឺន ៥ពាន់រៀល។
ក្នុងពិធីសំណេះសំណាលនេះ លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា អំណោយទាំងនេះ គឺជាទឹកចិត្តស្រឡាញ់ របស់សាលាខណ្ឌនិងសប្បុរសជននានា ដើម្បីលើកស្ទួយលើវិស័យកីឡារបស់កម្ពុជា ពិសេសការប្រកួតប្រណាំងទូកង ទូកមួងដែលជាប្រពៃណីខ្មែរ តែងតែប្រារព្ឋធ្វើឡើង រៀងរហូតមកនោះ។
លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើដល់កីឡាករទូកទាំងអស់ ត្រូវតែគោរពវិន័យ ស្តាប់តាមការ ណែនាំរបស់អ្នកគ្រប់គ្រង មានសីលធម៌ល្អ ខំធ្វើការហ្វឹកហាត់អោយបានខ្លាំងក្លាថែមទៀត ព្រោះថាបើទោះបីជាទូកមានល្បឿនយ៉ាងណាក៍ដោយ បើកីឡាករមិនសាមគ្គីគ្នាហើយ អុំមិន កើតនោះទេ ក៍អុំទៅមិនឈ្នះគេដែរ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌព្រែកព្នៅ ក៍បានសំណូមពរដល់គណ:កម្មការគ្រប់គ្រងទូក និងកីឡាករចំណុះទូក ទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការគោរពវិន័យ និងបទបញ្ជា ក្នុងការប្រណាំងទូក រួមទាំងការថែទាំសុខភាព ដើម្បីឈានទៅដណ្តើមយកជ័យជំនះ ដើម្បីកិត្តិយសខណ្ឌ សង្កាត់ និងវត្តរបស់យើង និងរួមចំណែកញ៉ាំង អោយព្រះរាជពិធី បុណ្យអុំទូក បណ្តែតព្រះទីប និងសំពះព្រះខែរយ:ពេល៣ថ្ងៃ នាថ្ងៃខាងមុខនេះប្រកបទៅដោយ សេចក្តីសុខ សប្បាយរីករាយ និងឈ្នះទាំងអស់គ្នា៕