រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌព្រែកព្នៅចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តប្រសិទ្ធីរីមារាម

0
903

ភ្នំពេញ ៖ វេនកាន់បិណ្ឌរបស់សាលារជាធានីភ្នំពេញ ដែលមានការចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមនឹង ថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃសាលារដ្ឋរាជធានី មន្ដ្រីសាលាខណ្ឌព្រែកព្នៅ បានមកជួបជុំគ្នា ចូលរួមកាន់បិណ្ឌវេនទី១២ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅវត្តប្រសិទ្ធីរីមារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

សម្រាប់ព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ ថ្នាក់ដឹកនាំនិងសមាជិកសមាជិកា ទាំងអស់ បាននាំយកនូវ ទៀនធូប ផ្កា ភ្ញីថ្វាយដល់ព្រះសម្មាសម្ពុទ្ធ ព្រមទាំង នំនែក ផ្លែឈើ ចង្ហាន់បិណ្ឌបាត្រ និងគ្រឿងបរិក្ខាជាច្រើនទៀតវេរប្រគេនដល់ព្រះសង្ឃ និងរាប់បាត្របង្សុកូលដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជន សាច់សារលោហិត ដែលបានចែកឋានទៅកាន់អបាយភូមិ សូមឲ្យបានរួចរំដោះទៅកាន់ សុគតិភពកុំបីឃ្លាង ឃ្លៀតឡើយ។

ព្រះចៅអធិការ វត្តប្រសិទ្ធីរីមារាម មានសង្ឃដីការថា ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្ដែនៅ មានអត្ថនយ័សំខាន់មួយទៀត គឺការពិចារណានូវសង្សារវដ្ដ ដែលមនុស្សកើតមកតែងតែស្លាប់ទៅវិញ ជាធម្មតាដែលអាចជំរុញទឹកចិត្តឲ្យលះបង់អំពើបាបហើយខិតខំធ្វើតែអំពើល្អដើម្បីវៀរចាកពីអបាយភូមិទាំង៤ មាននរក តិរិច្ឆាន អសុរកាយ និងប្រេតជាដើម។

គួរបញ្ជាក់ថា សម្រាប់រដូវកាន់បិណ្ឌក្នុងឆ្នាំនេះ ដែលថ្នាក់ដឹកនាំមន្ដ្រីរាជការ រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមកាន់បិណ្ឌជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលនេះជាការផ្សាភ្ជាប់រវាងអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ និងជាការរួមសាមគ្គីគ្នាក្នុងការទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងជួយថែរក្សាប្រពៃណី ទំនៀមទំលាប់ កេរដំណែលរបស់ដូនតាយើងឲ្យបានស្ថិតស្ថេរគង្សវង្ស។

ក្នុងឱកាសកាន់បិណ្ឌវេនទី១២នៅវត្តប្រសិទ្ធីរីមារាមនេះ ដោយទឹកចិត្តជ្រះថ្លារបស់មន្ដ្រីរាជការអាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ ប្រមូលបានបច្ចយ័ចំនួនជាង១១លានរៀល ដែល១ចំណែកសម្រាប់ប្រើប្រាស់ឧបត្ថម្ភដល់ព្រះសង្ឃ និងមួយចំណែកទៀត សម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត ឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យទីអារាមនេះ សក្ដ័សមជាកន្លែងសក្ការៈបូជាសំរាប់ជាប្រយោជន៍ ដល់ពុទ្ធសាសនិកជនទូទៅ៕

Facebook Comments
Loading...