បិទបញ្ចប់ឱសានវាទ ទទួលពាក្យសុំប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដល់ជនអន្ដោប្រវេសន្ដ៍នៅខណ្ឌព្រែកព្នៅ

0
921

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ៍នៃអគ្គស្នងការនគរបាលជាតិ បានបិទបញ្ចប់ឱសានវាទការអនុវត្តអនុក្រឹត្យលេខ១២៩អនក្រ.បកចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសារ រដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ និងទទួលពាក្យសុំប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាល ខណ្ឌព្រែកព្នៅ បានលើកឡើងថា ក្នុងខណ្ឌព្រែកព្នៅ មានជនអន្តោប្រវេសន៍្ដស្នាក់នៅចំនួន៣សង្កាត់ គឺសង្កាត់ ព្រែកព្នៅ សង្កាត់សំរោង និងសង្កាត់គោករកា ដោយកន្លងមកការគ្រប់គ្រង ជនបរទេស អន្ដោប្រវេសន្ដនៅមានភាពស្មុគ្រស្មាញ មិនទាន់បានអនុវត្តត្រឹមត្រូវច្បាស់លាស់ ទៅតាមបញ្ញត្តិនីតិវិធីនៅឡើយ។ ប៉ុន្ដែក្រោយពីការចុះអនុវត្តអនុក្រឹត១២៩អនក្រ.បករបស់រាជរដ្ឋាភិបាល នាពេលកន្លងមកនេះ បានបង្ហាញថា ចំនួនជនបរទេស ដែលបានជំរឿន និងអ្នកដែលបានរកឃើញបន្ថែមនៅក្នុងខណ្ឌព្រែកព្នៅ សរុបមានចំនួន៧៨០គ្រួសារ ស្មើនឹង៣០៣៥នាក់ ស្រី១៥០៣នាក់ សុទ្ធតែជនជាតិវៀតណាម ដែលជាអ្នកកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងអ្នកស្នាក់នៅយូរគ្មានឯកសារ។

លោកបន្តថា ក្នុងចំណោមជនបរទេសទាំងនោះ ក្រុមការងារទី៤នៃ អគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ បានដកហូតឯកសាររដ្ឋាបាលកម្ពុជាមិនប្រក្រតីបានចំនួន៥២៦ច្បាប់ រួមមាន សៀវភៅស្នាក់នៅក២ចំនួន ៤៤៦ក្បាល សៀវភៅគ្រួសារក៤ ចំនួន ៩ក្បាល សេចក្ដីចម្លងសំបុត្រកំណើតខ្មែរ ចំនួន៦២ច្បាប់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ៨បណ្ណ និងលិខិតឆ្លងដែន១ក្បាល។ ជាមួយនេះក្រុមការងារក៏បានទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្ដោប្រវេសន្ដ ចំនួន៦២១គ្រួសារ ស្មើនិង២៥១៨នាក់ និងទទួលពាក្យសុំ បណ្ណស្នាក់នៅអចិន្ដ្រៃចំនួន៦១៩គ្រួសារ មានសមាជិកសរុប២៥០៩នាក់ សុទ្ធតែជនជាតិវៀតណាម។

ចំណែកលោក ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ៍ មានប្រសាសន៍ថា ជនបរទេសអន្ដោប្រវេសន៍​ ជាជនជាតិវៀតណាម ដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជាសរុបមានប្រមាណ២០ម៉ឺននាក់ ក្នុងខណៈដែលក្រុមការងារចុះអនុវត្តអនុក្រឹត្យ១២៩ គឺមានប្រមាណ៥ម៉ឺននាក់ ដែលត្រឡប់ទៅប្រទេសដើមកំណើត ឬ គេចវេសមិនចូលរួមសហការក្នុងការអនុវត្តអនុក្រឹត អ្នកទាំងនោះ បើត្រឡប់មកវិញនៅពេលណា១ គឺស្មើនឹង ជនបរទេសដែលចូលមកថ្មី មិនមានលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធនោះទេ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនគាត់ទៅប្រទេសកំណើតរបស់គាត់វិញ គឺមិនអនុញ្ញាតិឲ្យរស់នៅ បន្ដទៀតឡើយ។ ព្រោះថា កម្ពុជាក៏ដូចជាបណ្ដាប្រទេសដទៃទៀតដែរ គឺមិនអនុញ្ញាតិឲ្យជនបរទេសខុសច្បាប់ស្នាក់នៅ តាមមូលដ្ឋានដែលបង្កផលប៉ះពាល់ ដល់ផលប្រយោជន៍ រួមនិងច្បាប់របស់រដ្ឋឡើយ ហើយជនបរទេសដែលអាចចូលសញ្ជាតិខ្មែរបាន លុះត្រាណាតែមានព្រះរាជក្រិត្យ ទើបបានកាន់អត្តសញ្ញាណប័នសញ្ជាតិខ្មែរនិងរស់នៅដោយស្របច្បាប់។ ជនអន្តោប្រវេសន៍បានចេញមកប្រកាសរួចហើយ ក្រសួងមហាផ្ទៃ និងចេញប័ណ្ណលឿងអោយដើម្បីសំគាល់ នៅការស្នាក់នៅប្រកបរបរ រកស៊ីនៅតាមមូលដ្ឋាន។

ក្នុងនោះផងដែរលោកបានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានត្រឹមត្រូវម៉ឺងម៉ាត់ម៉ត់ចត់ ក្នុងការចេញលិខិតបញ្ជាក់អត្តសញ្ញាណ លិខិតរដ្ឋបាលផ្សេងៗដល់ជនដែលមិនមានអត្តសញ្ញាណច្បាស់លាស់ តែបើគ្រួសារមានប្ដីឬប្រពន្ធជាជនជាតិខ្មែរ កូនរបស់គេគឺជាជនជាតិខ្មែរ ដូចនេះយើងអាចបញ្ជាក់ឯកសារជូនកូនគាត់បាន តែបើ ខ្មែរកម្ពុជាក្រោមយើងទទួលពួកគាត់ជាសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ។

គួរបញ្ជាក់ថា ជនអន្ដោប្រវេសន្ដទាំងអស់ ត្រូវបង់ពន្ធអាករក្នុង២ឆ្នាំម្ដង ក្នុងម្នាក់តម្លៃ២៥ម៉ឺនរៀល ហើយបើក្នុងរយៈពេល៧ឆ្នាំ​មិនមានបង្កបញ្ហាដល់សង្គម ពុំមានពាក់ព័ន្ធនឹងបទល្មើផ្សេងៗទេ ជនអន្ដោប្រវេសន្ដទាំងនោះអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរបាន៕

Facebook Comments
Loading...