ក្នុងកិច្ចប្រជុំលើកទី៦មន្រ្តីក្រសួងទេសចរណ៍អាស៊ានបានរួមគ្នាដាក់ចេញនូវផែនការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន

0
899

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំលើកទី៦ នៃក្រុមការងារទីផ្សារទេសចរណ៍អាស៊ាន នៅខេត្តសៀមរាប មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បានរួមគ្នាដាក់ចេញនូវផែនការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ ។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា កិច្ចប្រជុំលើកទី៦នេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជា និងមន្ត្រីមកពីប្រទេសសមា​ជិកអាស៊ានផងដែរ។

នាឱកាសនោះ មន្រ្តីជាន់ខ្ពស់អាស៊ានបានពិភាក្សាអំពីកិច្ចសហការទេសចរណ៍ក្នុងតំបន់ ដើម្បីជំរុញទេសចរណ៍អាស៊ាន ស្របតាមចក្ខុវិស័យអភិវឌ្ឍទេសចរណ៍អាស៊ាន ជាគោលដៅគុណភាពកម្រិតពិភពលោកប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ឆ្នាំ២០១៧-២០២០។

ប្រទេសសមាជិកអាស៊ានបានផ្តោតជាចម្បងលើការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ បណ្តាញសង្គម កិច្ចសហការរួមគ្នាលើការរៀបចំព្រឹតិ្តការណ៍ទេសចរណ៍ផ្សេងៗ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុ និងក្រុមហ៊ុនអាកាសចរណ៍ជាដើម។

កិច្ចប្រជុំក៏បានពិភាក្សាអំពីការផ្សព្វផ្សាយកញ្ចប់ខ្សែទស្សនកិច្ចបែបវប្បធម៌ បេតិកភណ្ឌ ម្ហូបអាហារ ធម្មជាតិជាដើម នៅក្នុងគេហទំព័រផ្សព្វផ្សាយទេសចរណ៍អាស៊ាន។សូមជម្រាបថា នៅឆ្នាំ២០១៨ កន្លងទៅ តំបន់អាស៊ានបានទទួលទេសចរអន្តរជាតិប្រមាណ ១៣០លាននាក់ ក្នុងកំណើន ៨.៤% ក្នុងនោះទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) ប្រមាណ ៤០%៕

Facebook Comments
Loading...