ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជារឿង សោភ័ណ្ឌ អ្នកប្រដាល់មកពីក្លិបម្កុដរាជសីហ៍ កើតទុកមិនសុខចិត្តឡើងសងសឹកជួបកីឡាករថៃឌីស៊ែលឡេក ឧត្តនមឿង ខណៈកីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ជួបកីឡាករថៃយ៉តធួនថង ប្រានសងហុក ដើម្បីសាងប្រជាប្រិយភាពរបស់ខ្លួនឡើងវិញបន្ទាប់ពីឡើងវាយប្រមាណប្រកួតចុងក្រោយធ្វើមិនសូវបានល្អ នាថ្ងៃសៅរ្ត៍ទី១៩ ខែឧសភា ឆ្នាំ២០១៩នេះនៅលើសង្វៀនទួរទស្សន៍ស៊ីអិនស៊ី។
កីឡាកររឿង សោភ័ណ្ឌ ជួបកីឡាករថៃឌីស៊ែលឡេក ឧត្តនមឿង ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាម្តង នៅសង្វៀនអាស៊ីអាគ្នេយ៍ ដោយកីឡាករថៃឌីស៊ែលឡេក ឧត្តនមឿង វាយឲ្យកីឡាកររឿង សោភ័ណ្ឌ រាប់រហូតដល់ពីរលើក ហើយចុងក្រោយចាញ់ពិន្ទុ ស្នៀតខ្លាំងរបស់កីឡាករថៃរូបនេះគឺកណ្តាប់ដៃ និងជើងទាត់កាត់។
ចំណែករឿង សោភ័ណ្ឌ កន្លងមកគេធ្វើបានល្អទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ ហើយក៍ធ្លាប់ឈ្នះខ្សែក្រវាត់ និងពានក្នុងស្រុកជាច្រើនផងដែរ គេជាអ្នកប្រដាល់លេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀតជើងទាត់ និងជង្គង់របស់គេ ក៍ល្អហើយខ្លាំងផងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រឿង សោភ័ណ្ឌ ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់គេមានកម្ពស់រាងទាបបន្តិច ដៃខ្លីជើងខ្លីវាយមិនសូវដល់គូប្រកួត ហើយបើដៃគូម្ខាងគេមានកម្ពស់ខ្ពស់ជាងនោះច្បាស់ជាយ៉ាប់របស់គេមិនខាន តែគេមានកម្លាំងពលំពេញ៥ទឹកមិនពិបាកឡើយ។ ក្នុងការប្រកួតនេះមានមតិជាច្រើនលើកឡើងខុសៗគ្នា អ្នកខ្លះថារឿង សោភ័ណ្ឌ ម្តងនេះនិងសន្លប់ដោយកណ្តាប់ដៃឌីស៊ែលឡេក ឧត្តនមឿង រីឯអ្នកខ្លះថារឿង សោភ័ណ្ឌ ជាអ្នកឈ្នះ។ ចាំមើលរឿង សោភ័ណ្ឌ ក្នុងការជួបជាមួយកីឡាករជើងខ្លាំងថៃឌីស៊ែលឡេក ឧត្តនមឿង តើគេអាចលុបលាងភាពអាម៉ាសនាពេលកន្លងមក ហើយសាងប្រជាប្រិយិ៍ភាពរបស់ខ្លួនឲ្យខ្លាំងដូចមុនបានដែរឬយ៉ាងណា?។
ចំណែកពុយ វណ្ណៈ ត្រូវជួបជាមួយកីឡាករថៃយ៉តធួនថង ប្រានសងហុក ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។ ពុយ វណ្ណៈ កន្លងមកគេជាកីឡាករជើងខ្លាំងម្នាក់ដែលលេងស្នៀតកណ្តាប់ដៃ និងកែងហើយឡើងប្រកួតលើកណាក៏ពិបាករកដៃគូមកផ្តួលឱ្យគេឲ្យចាញ់ពិន្ទុ ឬសន្លប់នៅលើរេញណាស់។ អញ្ចឹងហើយទើបអ្នកស្នេហាកីឡាប្រដាល់ភាគច្រើនកំពុងនាំគ្នាយល់ថាពុយ វណ្ណៈ គេជាកីឡាករដែលមានសក្តានុពល ហើយមានសមត្ថភាពគួរឱ្យសរសើរ ដោយម្នាក់ៗហាក់សម្តែងនូវទំនុកចិត្តចង់ទស្សនាយ៉ាងខ្លាំងនៅគ្រប់ ពេលកីឡាកររូបនេះឡើងរេញប្រកួតម្តងៗនោះ។
ក្រុមអ្នកតាមដាននិយាយថាកីឡាករពុយ វណ្ណៈ កន្លងមកគេបានក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានពីសមត្ថភាពពិតៗតែម្តង។ គូរប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាថុល មករា ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់។ ក៍ប៉ុន្តែមួយរយៈចុងក្រោយនេះកីឡាកររបស់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់រូបនេះ គេធ្វើមិនសូវបានល្អឡើយ ទាំងការប្រកួតមិត្តភាព និងដណ្តើមខ្សែក្រវាត់។ ចាំមើលកីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃយ៉តធួនថង ប្រានសងហុក អាចយកឈ្នះដណ្តើមយកភាពខ្លាំងរបស់ខ្លួនបានមកវិញដែរឬអត់?៕