ប្រជាពលរដ្ឋនៅសង្កាត់ព្រែកព្នៅ បានត្អូញត្អែពីការកកស្ទះសម្រាមក្នុងមូលដ្ឋានរបស់ពួកគាត់  

0
1065

ភ្នំពេញ ៖ លោក ភោគ សុខឿន ប្រធានការិយាល័យបរិស្ថានខណ្ឌព្រែកព្នៅ បានលើកឡើងថាប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកព្នៅបានត្អូញត្អែ ពីការកកស្ទះសម្រាមក្នុងមូលដ្ឋានរបស់ពួកគាត់ពិសេស នៅភូមិឌួង និងនៅភូមិ ផ្សាលិច ពេលដែលលោក ទាក់​ទងទូរស័ព្ទហៅទៅអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនសិនទ្រីប្រចាំខណ្ឌព្រែកព្នៅគាត់គេចវេះមិនព្រមសហការ ហើយគាត់បែរជាឲ្យរថយន្ដទៅដឹកសំរាមនៅស្រុកពញាឮ ខេត្តកណ្ដាលឯណោះទៅវិញ។

ដោយឡែក សម្រាប់ភូមិព្រែកព្នៅដែលមានវិក័យបត្រភ្លើងភ្ជាប់ជាមួយថ្លៃសម្រាមនោះ ពុំមានអ្នកប្រមូលសម្រាមដោយសារមានភាពប្រចាំគ្នារវាងក្រុមហ៊ុនសម្រាមស៊ិនទ្រី និង ក្រុមហ៊ុនសម្រាមឯកជនមួយដែលធ្លាប់ម៉ៅការប្រមូលសម្រាមនៅទីនោះ។  លោកភោគសុឃឿនបានលើកឡើងដូចនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៦ អណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ដោយមានការចូលរួម ពី លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោកស្រីសួន ចាន់ណារី អភិ​បាលរងខណ្ឌ តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ។

លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា ចាប់តាំងពីបង្កើតខណ្ឌព្រែកព្នៅមក សម្រាមដែលម៉ៅការប្រមូលដោយក្រុមហ៊ុនស៊ុនទ្រី គឺជួបប្រទះបញ្ហារហូត គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ ប៉ន្ដែខណ្ឌគ្រាន់តែជាអ្នកចុះកិច្ចសន្យាអនុវត្តគម្រោងប៉ុណ្ណោះ មិនអាចបញ្ជាស៊ិនទ្រីបានឡើយ គឺគ្រាន់តែជាអ្នកសហការនិងសម្របសម្រួល ឯសាលារាជធានីទើប ជាអ្នកចុះកិច្ចសន្យាលើគម្រោងលំអិត។

ជាមួយគ្នានេះដែរ សាលារាជធានីភ្នំពេញបានចុះកិច្ចសន្យារួចហើយជាមួយក្រុមហ៊ុនស៊ិនទ្រីលើការតម្លើងថ្លៃប្រមូលសម្រាម ក្នុងនោះសម្រាប់បន្ទប់ជួល១បន្ទប់ តម្លៃ៨ពាន់រៀល គិតទាំទាំងថ្លៃប្រមូល ដឹកជញ្ជូន និងថ្លៃទីលានចាក់សម្រាម ឯផ្ទះ១ខ្នងតម្លៃ ១ម៉ឺនរៀលដែលចាប់អនុវត្តពីខែមេសាឆ្នាំ២០១៩នេះតទៅ។ ការតម្លើងថ្លៃបែបនេះគឺដោយសារក្រុមហ៊ុនស៊ិនទ្រីត្អូញត្អែថាខ្លួនខាតរាល់ខែ និង ជំពាក់ថ្លៃទីលានចាក់សម្រាមថែមទៀត។ ​ពេលតម្លើងថ្លៃនេះហើយក្រុមស៊ិនទ្រីនឹងកែលម្អសេវាប្រមូលសម្រាមឲ្យបានល្អប្រសើរ ដោយ បំពាក់រយន្ដថ្មី និងកម្លាំងប្រមូលសម្រាមបន្ថែម ។

លោកស្រី សួន ចាន់ណារី អភិបាលរងខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា សម្រាមគឺជាបញ្ហាកៅ្ដ១ ដែលរដ្ឋបាខណ្ឌព្រែកព្នៅតែងបានយកចិត្តទុកដាក់បំផុត ក្រៅពីការងារប្រមូលសម្រាមតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ  រដ្ឋបាលខណ្ឌ បានយកចិត្តទុកដាក់ លើការ សំអាតបរិស្ថានអនាម័យតាមទី សាធារណៈក្នុងមូលដ្ឋាន។ ជាក់ស្ដែងក្នុងពេលកន្លងទៅនេះ រដ្ឋបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ កម្លាំង សណ្ដាប់ធ្នាប់ខណ្ឌ ប្រជាការពារសង្កាត់ពន្សាំង និងអាជីវករលក់ដូរ នៅរមណីយដ្ឋានភ្នំរាប បាននាំគ្នាប្រមូលសម្រាមដែលមានការកកស្ទះផងដែរ។ ជាមួយនេះកម្លាំងចម្រុះរបស់ខណ្ឌ បានសហការជាមួយមន្ទីរសាធារណៈការរាជធានីភ្នំពេញ ចុះធ្វើពលកម្មសំអាត តាមដងផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ  និង ចុះប្រមូសម្រាមកៀដី និងបាញ់ទឹកលាង ថ្នល់ និងស្ពាន នៅតំបន់ស្ពានព្រែកព្នៅ និងតាមដងផ្លូវ១៥១ ដើម្បីធ្វើឲ្យមូលដ្ឋាន មានសោភណ័ភាព និងបរិស្ថានល្អ៕

Facebook Comments
Loading...