ភ្នំពេញ ៖ កីឡាករវេង សុភ័ក្រ ដឹកដៃសិស្សប្អូននីម នន អ្នកប្រដាល់របស់ក្លិបកងពលតូចឆ័ត្រយោង៩១១ ឡើងសាកកណ្តាប់ដៃគ្នា ជាមួយកីឡាករថៃ ភេតណាក់ធី វ៉.ស៊ុងនឺន និងកីឡាករវីហ្គោ ស.ដានឆ័យ លើសង្វៀនស៊ីអ៊ិនស៊ី នាថ្ងៃអាទិត្យទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
កីឡាករវេង សុភ័ក្រ ជួបជាមួយកីឡាករថៃភេតណាក់ធី វ៉.ស៊ុងនឺន ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ស្នៀតខ្លាំងរបស់កីឡាករថៃជើងទាត់កាត់ ជង្គង់ និងស្នៀតកាចផ្តួលគូប្រកួតអោយដួលទាំងជំហ៊។ រីឯកីឡាករពូកែខាងប្រើកណ្តាប់ដៃនិងជង្គង់ វេង សុភ័ក្រ ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា មានភាគរយឈ្នះច្រើនជាងចាញ់ ពេលជួបជាមួយកីឡាករជនជាតិថៃឈ្មោះភេតណាក់ធី វ៉.ស៊ុងនឺន នេះព្រោះបច្ចប្បន្ននេះវេង សុភ័ក្រ គេជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងម្នាក់ដែរ ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់ កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀតផង។
អ្នកប្រដាល់រូបនេះ មានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើន ដូចជាកីឡាករជើងចាស់ផងដែរ បើទោះជាគេទើបចូលប្រឡូកវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណ ព្រោះគេមានកណ្តាប់ដៃធ្ងន់ និង រហ័ស ឯកម្លាំងស៊ុហ្វក៏រឹងមាំផងដែរ។ អញ្ចឹងហើយទើបអ្នកស្នេហាកីឡាប្រដាល់ភាគច្រើននៅតែគាំទ្រកីឡាករវេង សុភ័ក្រ ថាគេជាកីឡាករដែលមានសក្តានុពល ហើយមានសមត្ថភាពគួរឱ្យសរសើរ ដោយម្នាក់ៗហាក់សម្តែងនូវទំនុកចិត្តចង់ទស្សនាយ៉ាងខ្លាំងនៅគ្រប់ពេលកីឡាកររូបនេះឡើងរេញប្រកួតម្តងៗនោះ។ ចាំមើលកីឡាករវេង សុភ័ក្រ និងកីឡាករជនជាតិថៃភេតណាក់ធី វ៉.ស៊ុងនឺន នរណាជាអ្នកឈ្នះ?។
ដោយឡែករនីម នន ត្រូវជួបជាមួយកីឡាករថៃវីហ្គោ ស.ដានឆ័យ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់កីឡាករថៃជើងទាត់កាត់ ជង្គង់ និងស្នៀតកាចផ្តួលគូប្រកួតអោយដួលទាំងជំហ៊។
ចំណែកកីឡាករនីម នន ជាកីឡាករស្រករក្រោយតែស្នៀតប្រយុត្តិរបស់គេគ្រាន់បើ ស្នៀតខ្លាំងរបស់គេបានទាំងដៃ ទាំងជើងព្រមគ្នាតែម្តង តែយ៉ាងណាគេនៅអន់ខាងកម្លាំងស៊ុហ្វ បើគូប្រកួតវាយបុកតែបីឬបួនទឹកនោះ គឺគេអស់ស៊ុហ្វហើយ ហើយក្នុងការប្រកួតរវាងកីឡាករកម្ពុជានីម នន និងកីឡាករថៃវីហ្គោ ស.ដានឆ័យ នេះត្រូវបានអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកអះអាងថា ភាគរយឈ្នះគឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើកីឡាករណាវាយរៀងមើលងាយគូប្រកួតនោះច្បាស់ជាចាញ់មិនខាន។ ចាំមើលរវាងកីឡាករកម្ពុជានីម នន និងកីឡាករថៃវីហ្គោ ស.ដានឆ័យ នេះនរណាជាអ្នកឈ្នះ?៕