បុណ្យដាភូមិ ឬបុណ្យសែនស្រូវ ដើម្បីរំឭក​គុណដល់​ទឹក ដី ភ្លើង ខ្យល់

0
3565

ភ្នំពេញ ៖ បុណ្យដាភូមិ ឬបុណ្យសែនស្រូវ (បច្ចប្បន្នគេហៅបុណ្យដាភូមិ ឬបុណ្យឡើងអ្នកតា) ដើម្បីរំឭក​គុណដល់ទឹក ដី ភ្លើង និងអាកា​សធាតុ សម្រាប់ការបង្កបង្កើនស្រូវក្នុងមួយឆ្នាំៗ និងជាប្រពៃណីមួយ ដែលត្រូវបានភូមិសំរោង​កណ្តាល ក៍ដូចជាបណ្ដាភូមិតាមជាយក្រុងនិងស្រុកស្រែចំការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬ​ខែមិនា ទៅតាមភូមិនីមួយៗ។

ភូមិសំរោងកណ្តាល ក៏ដូចជាភូមិដទៃទៀតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធា​នី​ភ្នំពេញ ដែលតែងតែប្រារពពិធី«បុណ្យដាលាន ឬសែនស្រូវ»ជារៀងរាល់ឆ្នាំមិនដែលអាក់ខាន ក្រោយ​ពី​អ្នកភូមិ បានប្រមូលផលស្រូវរួចរាល់ រីឯកន្លែងខ្លះទើបបង្កបង្កើនផល ដើម្បីសុំស្រ​ណុក​សុខសប្បាយដល់សត្វពាហណៈ និងមនុស្សម្នាក្នុងភូមិទាំងមូល។

កាលពីថ្ងៃទី១៦-១៧ខែកុម្ភៈ ឆ្នាំ២០១៩នេះក្រៅពីភូមិសំរោងកណ្តាល ក៏នៅមាន​ភូមិ​ផ្សេងៗទៀតដែរ ដែលបានប្រារពពីធី«បុណ្យដាលាន ឬសែនស្រូវ»​ដូចគ្នានេះ។ ប្រជាពល​រដ្ឋក្នុង​ភូមិទាំងមូល បានស្រុះស្រួលគ្នា រៀបចំពិធី«បុណ្យដាលាន» ដើម្បីបង្កើតនូវភាព​សប្បា​យ​រីករាយ ការជួបជុំសាច់ញាតិបងប្អូន ជាពិសេស ការបង្ហាញនូវ«ផលស្រូវ»​ ដែលពួកគាត់​កំពុងធ្វើ និងទទួលបានក្នុងឆ្នាំនេះ។

ចាស់ៗព្រឹទ្ធាចារ្យក្នុងភូមិបានលើកឡើងថា ពិធី«បុណ្យដាលាន ឬ​សែន​ស្រូវ» នេះធ្វើឡើងតាមប្រពៃណីជារៀងរាល់ឆ្នាំ ក្នុង​អំឡុងខែមករា កុម្ភៈ ឬខែមិនា ទៅ​តាម​ភូមិនីមួយៗ ដើម្បីរំឭកគុណដល់ទឹក ដី និងអាកាសធាតុ ដែលជាកត្តាសំខាន់​ដល់​ការ​បង្កបង្កើនស្រូវ បច្ចប្បន្នគេហៅបុណ្យដាភូមិ ឬបុណ្យឡើងអ្នកតា។

ពីធីបុណ្យនេះក៏មាននិមន្តព្រះសង្ឃសូត្រមន្តដើម្បី សុំសិរីសួស្ដីជូនដល់​ពលរដ្ឋ ក៏ដូចជាសុំឲ្យការបង្កបង្កើនស្រូវ ឲ្យបានផលច្រើនរាល់ឆ្នាំ និងក៏មានរាប់បាត្រដាឆ្លងជាកិច្ច​បង្ហើយបុណ្យផងដែរ។ ពីមុនក្នុងពិធីបុណ្យនេះគេលេងល្ខោន ឬចាប៉ីឆ្លងឆ្លើយ ទៅតាមចំណង់​ចំណូល​ចិត្ត និង​សទ្ធារបស់អ្នកភូមិ។ ឯបច្ចុប្បន្ននេះ គេចូលចិត្ត«ជួលធុងបាស់» ឬ«វង់ភ្លេង​សម័យ» ដើម្បីរាំ​កម្សាន្តជំនួសវិញ។ ចំពោះការរៀបចំបុណ្យនេះ តាមភូមិខ្លះគេធ្វើឡើងជា​លក្ខ​ណៈគ្រួសារ​នីមួយៗ ដោយមានការធ្វើនំបញ្ចុក ឫម្ហូបអាហាជាច្រើនទៀត ទៅតាមចំណង​ចំណូលចិត្ត​រប​ស់ពួកគេ និងប្រមូលផ្តុំនូវទ័យ្យទានទាំងឡាយ នៅ​ក្នុង​«សាលាបុណ្យ»ក្នុង​ភូមិ ដើម្បីវេ​ប្រ​គេនព្រះសង្ឃ។ ជាមួយគ្នានោះដែរ ក៏សម្រាប់ទទួលសាច់ញាតិបងប្អូន និង​មិត្តភ័ក្រ ដែល​បានចូលរួមក្នុងភូមិ និងមកពីទីជិត ទីឆ្ងាយជាដើមផងដែរ។

សូមបញ្ជាក់ថា កាលពី​ដើម​មកចាស់ៗគាត់បានធ្វើពិធីសែនស្រូវនៅតាមវាលស្រែឯណោះទេ ដោយយក​ស្រូវ​ដែល​កំពុង​ចេញផ្លែ យកបន្តិចម្នាក់ៗមកគរលើគ្នា រួចធ្វើពីធីបួងសួងសុំសេចក្តី​សុខសេចក្តី​ចំ​រើន និងសុំឲ្យ​ស្រូវឆ្នាំនេះទទួលបានផលច្រើន។

លុះតក្រោយៗរៀងមកគេធ្វើពិធី​បុណ្យដា​លាន ឬបុណ្យ​សែនស្រូវនៅក្នុងភូមិជំនួសវិញ ដើម្បីបង្ហា​ញ​គ្នាទៅវិញទៅមក ពីផលស្រូវដែល​ទទួ​លបាន ហើយក៍ដើម្បីជាការ​ជួបជុំបងប្អូនជិតឆ្ងាយ​ដែល​បានមកចូល​រួមជួបជុំបងប្អូន​ក្នុង​ភូមិ​កំសាន្ត​សប្បាយ ក្រោយពីការនឿយហត់។

ពិធីនេះ​ចាប់​ផ្តើមពីម៉ោងមួយរ​សៀល​ថ្ងៃទីមួយ ដោយ​មានពីធីលេងភ្លេងចូលរូប​ពីលោកតា​ម្ចាស់ស្រុកចូលស្ថិតក្នុងរូបបុគ្គលណា​ម្នាក់បួងសួងសុំសេចក្តីសុខ រួចហើយសូត្រមន្ត និង​សម្តែងធម៌​ទេស​នា ពេលយប់រាំ​កម្សាន្ត។ ពេលព្រឹកថ្ងៃទី​ពីរ​រាប់បាត ដាឆ្លងជាកិច្ចបង្ហើយ​បុណ្យ៕

Facebook Comments
Loading...