កំណើនទេសចរមកទស្សនាប្រទេសសមាជិកអាស៊ាន និងឥណ្ឌា ឆ្នាំ២០១៨មានចំនួន១៣៩.៥លាននាក់ កើនឡើង៧.៤%

0
1090

ភ្នំពេញ ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា បានអបអរសាទរចំពោះកំណើនទេសចរមកទស្សនាប្រទេសសមាជិកអាស៊ាន និងឥណ្ឌា ឆ្នាំ២០១៨ មានចំនួន១៣៩.៥លាននាក់ កើនឡើង៧.៤%។

ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន–ឥណ្ធា លើកទី៧ នៅទីក្រុងហាឡុង ប្រទេសវៀតណាម នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩ (ASEAN Tourism Forum 2019 ) ក្រោមប្រធានបទ អាស៊ាន៖ អានុភាពតែមួយ (ASEAN: The Power of One)។

កិច្ចប្រជុំក៏បានពិនិត្យអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន–ឥណ្ធា លើសកម្មភាពចម្បងៗដូចជា៖ ការចែករំលែកបទពិសោធន៍ការអនុវត្តល្អៗ ស្តីអំពីការអនុវត្តទេសចរណ៍ប្រកបដោយចីរភាព ការផ្តល់ជំនួយទៅវិញទៅមកផ្នែកអប់រំបណ្តុះបណ្តាលសំដៅអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។ សហការផ្សព្វផ្សាយ និងរៀបចំសៀវ​ភៅ ស្តីអំពីទេសចរណ៍ពុទ្ធសាសនា។

ក្នុងឱកាសនោះផងដែរបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក៏បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណដល់​ប្រទេសឥណ្ឌា ព្រមទាំងបានលើកឡើងអំពីការគាំទ្ររបស់កម្ពុជាតទៅទៀត លើការរៀបចំ ទិវាយោហ្គាអន្តរជាតិ (International Yoga Day) ដែលតែងតែធ្វើឡើងរៀងរាល់ឆ្នាំនៅកម្ពុជា។ ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រីក៏បានស្នើសុំឲ្យឥណ្ឌា ជួយជម្រុញការហោះហើរត្រង់កម្ពុជា-ឥណ្ឌា សំដៅទាក់ទាញទេសចរឥណ្ឌាមកទស្សនាកម្ពុជាបន្ថែមទៀត។ លោករដ្ឋមន្រ្តីក៏បានអញ្ជើញឥណ្ឌា ឲ្យចូលរួមវេទិកាវិនិយោគទេសចរណ៍កម្ពុជា ស្របពេលជាមួយគ្នា នៃទិវាពិព័ណ៍ទេសចរណ៍កម្ពុជាអំឡុងខែកញ្ញា ឆ្នាំ២០១៩។

សូមជម្រាបជូនផងដែរថា​ ឆ្នាំ២០១៨ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦,២លាននាក់ កើនឡើង១១% ក្នុងនោះទេសចរឥណ្ឌាមានចំនួន ៦៥,៨៨២នាក់ កើនឡើង១០.៦%៕

Facebook Comments
Loading...