ប្រជាពលរដ្ឋនៅសង្កាត់ព្រែកព្នៅ ត្រៀមឯកសារពាក់ព័ន្ធដីធ្លីរបស់ខ្លួនដើម្បីចុះបញ្ជី ដីធ្លី​ដែលមានលក្ខណៈជាប្រព័ន្ធ

0
1583

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៨នេះនេះ ពិធីប្រជុំផ្សព្វផ្សាយ សេចក្ដីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ​ដែលរៀបចំឡើង នៅការិយា​ល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិ​យោដី និងភូមិបាលខណ្ឌព្រែកព្នៅ។

លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ បានថ្លែងថា ប្រជាពលរដ្ឋនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានទទួលការអនុញ្ញាតិ ពីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ឲ្យធ្វើការចុះបញ្ជីដីធ្លី​ដែលមានលក្ខណៈជាប្រព័ន្ធ ចាប់ពីថ្ងៃទី២៦ ខែធ្នូ នេះតទៅ។

លោកបន្តថា ក្នុងការចុះបញ្ជីនេះ ក្រុមបច្ចេកទេស ឬក្រុមវាល នឹងចុះទៅស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដី ដើម្បីកសាងប្លង់សុរិយោដី​និងបញ្ជីឈ្មោះម្ចាស់ដីដោយសហការជាមួយមន្ដ្រីសង្កាត់និងមេភូមិ។ ដូចនេះនៅពេលដែលមេភូមិជូនដំណឹងដល់បងប្អូនស្នាក់នៅនោះ សូមបងប្អូនត្រៀមឯកសារដែលពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់បងប្អូន និងត្រៀមខ្លួនចង្អុលបង្ហាញ ក្រុមបច្ចេកទេសពីព្រំដីដែលបងប្អូនកាន់កាប់ ដើម្បីធ្វើឲ្យដំណើរការនៃការចុះបញ្ជីនេះ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាព។

អនុប្រធានមន្ទីរ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមាន៥ដំណាក់កាល  គឺការកំណត់តំបន់វិនិច្ឆ័យ ការបើកវគ្គបណ្ដុះបណ្ដាល ការចុះវាស់វែងស្រង់ទិន្នន័យក្បាលដី ការបិទផ្សាយជាសាធារណៈ នូវទិន្នន័យនៃការចុះបញ្ជីដីក្នុងតំបន់វិនិច្ឆ័យ និង ការចែកវិញ្ញា​បនបត្រសំគាល់ម្ចាស់អចលនវត្ថុ។

ដោយឡែកលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ពីរយ៉ាង គឺដល់រដ្ឋផង និង ដល់ប្រជាពលរដ្ឋផង។ ចំពោះប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញជូនគាត់ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងនូវការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះ បងប្អូនប្រជាពលរដ្ឋយើង យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗ។

លោកបន្តថា ចំពោះរដ្ឋគឺផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្រប។ ម៉្យាងទៀតការគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគឹតគូរ ប្រមូលចំណូលថវិការជាតិ និងផ្តល់លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិ ឈានឡើងសំបូរសប្បាយជូន ប្រជាពលរដ្ឋយើង។ លោកបញ្ជាក់ដែរថា កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីគឺ មិនផ្ដល់កម្មសិទ្ធចំពោះអ្នកកាន់កាប់ដីធ្លី ដែលស្ថិតនៅលើដី សាធារណៈ មានផ្លូវ ចិញ្ចើមផ្លូវ ប្រឡាយ បឹង ឬសួនច្បារនោះឡើយ៕

Facebook Comments
Loading...