សាលាខណ្ឌព្រែកព្នៅ និងពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តបឹងប្រិយ៍ប្រមូលបច្ច័យបានជាង៣ម៉ឺនដុល្លា

0
2172

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងមន្ដ្រីរាជការសា​លា​ខណ្ឌ រួមនឹងប្រជាពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ និងចំណុះជើងវត្តផង បាន​មូលម​តិ​គ្នា​ជាឯកឆ័ន្ទដង្ហែ កឋិនទាន សាមគ្គី១ ទៅកាន់វត្តបឹងប្រិយ៍ ស្ថិតក្នុងសង្កាត់​ពន្យាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រមូលបច្ច័យបានជាង៣ម៉ឺនដុល្លា។

អង្គកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តបឹងប្រិយ៍ នេះស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ប្រមូលបច្ច័យបានជាង៣ម៉ឺនដុល្លា នាព្រឹកថ្ងៃ០៤កើ​ត ខែកក្តិក ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីវេរប្រគេនព្រះសង្ឃ​ដែល​គង់ចាំព្រះវស្សាអស់កាលត្រីមាស និងដើម្បីប្រមូលបច្ច័យសម្រាប់ឧបត្ថម្ភក្នុងការកសាង ព្រះវិហារ១ខ្នងកម្ពស់២ជាន់។

តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅចុងវស្សាន្ដរដូវ រយៈពេល២៩ថ្ងៃគឺចាប់ពីថ្ងៃ ១រោជ ខែភទ្របុទ្ររហូតដល់ថ្ងៃពេញបូរមីខែកត្តិក ពុទ្ធបរិស័ទតែងប្រារព្ធធ្វើ​បុណ្យកឋិន​ទាន​វេរ ប្រគេនព្រះសង្ឃដែលបានបញ្ចប់ចំណាំព្រះវស្សាជារៀងរាល់ឆ្នាំ ហើយការធ្វើនេះ បើតាម​ពុទ្ធបញ្ញត្តិក្នុង១ឆ្នាំ វត្តនិមួយៗ ទទួលបានអង្គឋិនតែម្ដងប៉ុណ្ណោះ។ បុណ្យនេះមានក្លឹមសារ​សំ​ខាន់ សំរាប់ពុទ្ធសាសនិកជនជាអ្នកគោរពស្រឡាញ់ ទ្រទ្រង់ព្រះពុទ្ធសាសនា ដោយបាននាំ​មកនូវត្រៃចីវរជាប្រធាន អមដោយបរិក្ខាជាច្រើនទៀត ដែលជាប្រដាប់ ប្រើប្រាស់ក្នុងជីវភាពរ​បស់ព្រះសង្ឃ។

ក្រៅពីអត្ថន័យខាងលើពិធីបុណ្យនេះ ក៏ជាការបង្ហាញនូវទឹកចិត្តជ្រះថ្លា ក្នុងការបំពេញ​កុសល ប្រកបដោយ ជំនឿលើមាគ៌ាព្រះពុទ្ធសាសនា ហើយក៏ជាកាឆ្លុះបញ្ចាំងពី ការរួបរួម​សាមគ្គីគ្នា រវាងអាជ្ញាធរ មន្ដ្រីរាជការ ប្រជាពលរដ្ឋ ដែលមានព្រះសង្ឃផង ក្នុងការជួយទ្រ​ទ្រង់​និងលើកដំកើងដល់វិស័យ ព្រះពុទ្ធសាសនា ឲ្យបានថ្កុំថ្កើងរុងរឿង។

បច្ច័យសង្កត់ត្រៃអង្គកឋិនទាននេះ មន្ត្រីសាលាខណ្ឌព្រែកព្នៅ បច្ច័យសរុបមានចំនួន ៦លាន៣៥ម៉ឺន និង៣៣០ដុល្លាអាមេរិក ចំណែកបច្ច័យសរុបសង្កាត់ត្រ័យក្នុងអង្គកឋិនទាននេះទាំងមូល មានចំនួន៣៧.១៣៥ដុល្លា សម្រាប់ប្រើប្រាស់ក្នុងការកសាង ព្រះវិហារ១ខ្នងមានកម្ពស់២ជាន់ ​ដែល​កំពុង ដំណើរការកសាង មិនទាន់រួចរាល់នៅឡើយ។ ព្រះគ្រូសូត្រស្តាំវត្តបឹងប្រិយ៍មានថេរដីការថា ព្រះវិហារនេះ ចាប់ដំណើការក​សាងមកជាង៣​ឆ្នាំមកហើយ កំពស់២ជាន់ ធ្វើអំពី​ឥដ្ឋប្រក់ក្បឿង សម្រេចបានប្រមាណជាហាសិបភាភាគរយហើយ ប៉ុន្ដែកំពុងជួបប្រទះ​ការ​ខ្វះខាតបច្ច័យជាច្រើនទៀតដើម្បីកសាងឲ្យបានរួចរាល់។ ក្នុងឱកាសនោះលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងភរយា ព្រមទាំងមន្ត្រីសាលាខណ្ឌ បានអញ្ជើញឡើងលើព្រះវិហារ ហើយលោកនិងគៀងគរដល់ពុទ្ធបរិស័ទជិតឆ្ងាយបន្ថែមទៀតតាមលទ្ធភាព ដើម្បីបានបច្ច័យមកកសាងព្រះវិហារនេះឲ្យបានរួចរាល់៕

Facebook Comments
Loading...